ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិត១០០នាក់នៅពន្ធនាគារខេត្តកណ្តាលផ្ទេរទៅកាន់មណ្ឌលកែប្រែភ្នំក្រវាញនិងត្រពាំងប្លុងដើម្បីទទួលបានចំណេះដឹង

ចែករំលែក៖

ខេត្តកណ្តាល៖ ទណ្ឌិតចំនួន១០០នាក់ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាលទៅកាន់មណ្ឌលកែប្រែទី៣ត្រពាំងប្លុងខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីមានឱកាសធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈនិងស្តារនីតិសម្បទា។

ការបញ្ជូនទណ្ឌិតនេះគឺជាលើកទី២ដែលកាលពីលើកទី១ធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ពន្ធនាគារខេត្តកណ្តាលបានបញ្ជូនទណ្ឌិតចំនួន១០០នាក់ផងដែរទៅកាន់មណ្ឌលកែប្រែភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឧត្តមអគ្គានុរក្សថ្នាក់លេខ២លោក ចាត សុីនាង ប្រធានពន្ធនាគារខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា ការបញ្ជូនទណ្ឌិតចេញពីពន្ធនាគារខេត្តកណ្តាលទាំងពីរលើកទៅកាន់មណ្ឌលកែប្រែភ្នំក្រវាញ និងត្រពាំងប្លុងនេះដោយសារនៅពន្ធនាគារខេត្តកណ្តាលមានទីតាំងតូចចង្អៀតពិសេសចង់ឱ្យជនមានទោសទាំងនោះមានឱកាសធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈនិងស្តារនីតិសម្បទាឡើងវិញ ។ម្យ៉ាងទៀតពន្ធនាគារខេត្តកណ្តាលមិនមែនជាមណ្ឌលកែប្រែនីតិសម្បទាផង។

លោកវរសេនីយឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងដែរថា ទណ្ឌិតចំនួន១០០នាក់បញ្ជូនទៅកាន់មណ្ឌលកែប្រែត្រពាំងប្លុងនេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានរៀបចំកម្លាំងនិងមធ្យោបាយការពារសុវត្តិភាព និងដឹកជញ្ជូនទណ្ឌិតចាប់ពីចំណុចមុខពន្ធនាគារខេត្តនិងតាមដងផ្លូវផងដែរ។

កងកម្លាំងត្រូវការពារសុវត្ថិភាពជូនទណ្ឌិតមានកងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងការពាររបស់ពន្ធនាគារខេត្តកណ្តាលដឹកនាំដោយឧត្តមអគ្គានុរក្សថ្នាក់លេខ២លោក មាន ថាវរិន ប្រធាននាយកដ្ឋានសន្តិសុខនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនិងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនកណ្តាលយុត្តិធម៌នៃស្នងការដ្ខាននគរបាលខេត្តកណ្តាល៕

ដោយ៖  ឆដា


ចែករំលែក៖