នៅថ្ងៃទី២០ខែកុម្ភៈ រុស្ស៊ីបានផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទី៣ របស់រុស្ស៊ី ដែលមានឈ្មោះថា CoviVac ផលិតដោយមជ្ឈមណ្ឌល Chumakov Ecntre ។ នេះជាវ៉ាក់សាំងទី៣ហើយរបស់រុស្ស៊ី ក្រោយពីប្រទេសនេះទទួលបានជោគជ័យក្នុងការផលិតវ៉ាក់សាំង Sputnik V ផលិតដោយមជ្ឈមណ្ឌល Gamaleyaនិងមួយប្រភេទទៀតរបស់Vector ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានប្រកាសព័ត៌មានខាងលើតាមកញ្ចក់ទូរទស្សន៍ ដោយលោកបង្ហាញពីមោទនភាពរបស់រុស្ស៊ី ដែលមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ទៅ៣ ប្រភេទ។
រុស្ស៊ី បានចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ-១៩ នៅដើមខែកញ្ញា ហើយដល់ខែធ្នូរុស្ស៊ី ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Sputnik V ជាទ្រង់ទ្រាយធំ ក្រោយការសាកល្បង ទទួលបានជោគជ័យដល់ទៅ ៩១,៤%។ មកទល់ពេលនេះពលរដ្ឋរុស្សីជាង២លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ Sputnik V ។ នៅពេលនេះដែរ រុស្ស៊ីក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង ទីពីររបស់មជ្ឈមណ្ឌល Vector ។
តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី ប្រទេសនេះនឹងផលិតវ៉ាក់សាំង-ចំនួន៨៨លានដូស ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២១ ក្នុងនោះមាន៨៣លាន ប្រភេទ Sputink V ។ ក្នុងនោះ មាន ៥៩ លានដូស នឹងចែកចាយចាក់ជូនពលរដ្ឋនៅក្នុងប្រទេស ។ មកទល់ពេលនេះរុស្ស៊ី ផលិតបានវ៉ាក់សាំងជាង១១លានដូសហើយ ក្នុងនោះមាន ៧,៩ លានដូស សម្រាប់ចែកចាយចាក់នៅក្នុងប្រទេស។
នៅថ្ងៃទី២០ខែកុម្ភៈ រុស្ស៊ី បានផ្តល់ជូនប្រទេសហ្គាណា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ប្រទេសហ្គាណា ( Ghana ) បានក្លាយជាប្រទេសទី៣១ហើយបានប្រើប្រាស់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី និងជាប្រទេសទី៥ ក្នុងទ្វីបអាហ្វ្រិក៕
ដោយ ៖ធីរីណា