ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ៥នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដោយកាណូតបាឡាស្មាច់១ គ្រឿងបានបុកច្រាំង នៅពេលកំពុងបើកបរហើយជាប់ខ្សែហ្គាម៉ាស៊ីន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និ៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចក្បាលកោះត្រែងព្រែកកាត់ឆ្លងទៅខេត្តកំពង់ឆ្នាំង ស្ថិត ឃុំប្រឡាយមាស ស្រុកកំពង់លែង ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍នេះឈ្មោះ ផុន ម៉េងហៀង ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅឃុំប្រឡាយមាស ស្រុកកំពង់លែង ស្លាប់នៅនឹងកន្លែង។ ចំណែក៥នាក់ផ្សេងទៀត បានរងរបួសបាក់ដៃ បាក់ជើង និងខ្លះរងរបួសស្រាល ។
សមត្ថកិច្ចបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុ មានកាណូតបាឡាស្មាច់១គ្រឿងជិះគ្នា៦នាក់ រួមដំណើរជាមួយគ្នា យ៉ាងស្រួល។ លុះនៅពេលមកដល់ចំណុចកើតហេតុ ពេលកំពុងបើកបរ ក៏ស្រាប់តែជាប់ខ្សែហ្គាម៉ាស៊ីនបណ្តាលឲ្យបាឡាស្មាច់បន្ថែមល្បឿនកាន់តែលឿន ជ្រុលទៅបុកច្រាំងធ្វើឲ្យអ្នកនៅលើបាឡាស្មាច់ខ្ទាតចេញប៉ើងបុកនឹងច្រាំង ស្លាប់ម្នាក់ និងរបួស៥នាក់តែម្តង ៕ដោយ៖ចន្ថា