ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ​មួយក្រុម​ប្រដាប់​ដោយ​ដំុថ្ម​និង​ឈើ​ជ្រុងវាយកម្ទេច​រថយន្ត​បណ្តាល​ឲ្យ​ម្ចាស់​រថយន្តរងរបួស​ក្បាល ​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើក​រថយន្ត​មក​ចត​នៅមុខ​ផ្សារទំនើប រួច​ចូលទៅ​ខាងក្នុង​សម្រាក​មួយ​ភ្លែត​ក៏​ត្រូវបាន​ក្មេងស្ទាវ​មួយក្រុមប្រដាប់​ដោយ​ឈើ​ជ្រុង​និង​ដុំថ្ម​មក​វាយកម្ទេច​រថយន្ត​។ពេលឃើញដូច្នេះម្ចាស់​រថយន្ត​បាន​រត់​ចេញពី​ក្នុង​ម៉ា​ត​សំដៅ​ទៅមើល​រថយន្ត​ក៏ត្រូវ​ជនបង្ក​វាយ​បែកក្បាល​ហូរឈាមកក្លាក់ រួច​នាំគ្នា​រត់ឡើង​ជីះម៉ូតូ​រត់​បាត់ស្រមោល។

​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​ឡើង​នៅ​វេលាម៉ោង២និង២០នាទី​រំលងអធ្រាត្រឈានចូល​ថ្ងៃអាទិត្យ​ទី២១ ខែកុម្ភៈ​ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ក្នុង​សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​គាត់បាន​បើករថយន្ត​ម៉ាក​តូយ៉ូតាព្រូស​ ​ពណ៌​ខ្មៅពាក់ស្លាក ភ្នំពេញ 2-AK 0364 ធ្វើដំណើរ​ចេញពីផ្ទះ​មក​ហូប​ចំណីអាហារជាមួយ​មិត្តភក្តិ​ជិត​នឹង​កន្លែងកើតហេតុ​រួច​ក៏បាន​បើករថយន្ត​ចេញ​មកវិញ​ចូលទៅ​ឈប់នៅមុខ​ម៉ា​ត​ចូល​សម្រាក​មួយ​ភ្លែតស្រាប់តែមានក្រុមក្មេងស្ទាវ​មួយក្រុម​​ប្រដាប់​ដោយ​ដំបង​ និង​ឈើ​ជ្រុងជិះ​ម៉ូតូ​មក​ឈប់​ហើយវាយ​ទៅលើ​រថយន្ត​បណ្តាល​ឲ្យ​បែក​កញ្ចក់​និង​ទ្វារ​ រួច​ម្ចាស់​រថយន្ត​បាន​រត់​ចេញពី​ក្នុង​ម៉ា​ត​សំដៅ​មក​មើល​រថយន្ត​ក៏ត្រូវ​ជនបង្ក​វាយ​បែកក្បាល​រងរបួស រួច​នាំគ្នា​រត់ឡើង​ម៉ូតូ​ជិះ​រត់​ខ្លួនបាត់ស្រមោល​។​
​បន្ទាប់​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានចុះមក​ដល់​រួច​ឲ្យ​ជនរងគ្រោះទៅ​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគ​បាល​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ តាមស្វែងរកក្រុមជនសង្ស័យ ដើម្បីឃាត់ខ្លួន​មក​ដោះស្រាយ​ទៅតាម​នីតិវិធី​​៕

ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖