ភ្នំពេញ ៖ មានការឆ្លងចរន្តអគ្គិសនីបង្កជាផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះវីឡាមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងអ្នកជិតខាងទាំងព្រឹកបានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញមកធ្វើអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្ទះវីឡាលេខ០៦ ផ្លូវលេខ៥៧២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញផ្ទះវីឡានេះបិទទ្វាររបងជិតដោយមានម្ចាស់ផ្ទះ និងអ្នកបម្រើដេកសម្រាកនៅខាងក្នុង ស្រាប់តែមានផ្សែងហុយចេញពីក្នុងវីឡានេះ ទើបបង្កឲ្យមានភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងអ្នកជិតខាងនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទប់ស្កាត់អស់ជាច្រើនបំពង់។ ដោយស្ថានភាពមិនអាចគ្រប់គ្រងបានទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ហើយភ្លាមៗនោះកម្លាំងការិយាល័យនគរបាលបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទៅដល់កន្លែងកើតដើម្បីបាញ់ទឹកទប់ស្កាត់ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល។
សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបណ្តាញខ្សែភ្លើងតជាប់ជាមួយនិឹងទូទឹកកក ហើយនៅក្នុងហេតុការណ៍នេះដែរក៏មិនមាននរណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភាររបស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ៕
ដោយ៖ជ្រោយពេជ្រ