អន្តរជាតិ៖ បើតាមការបញ្ជាក់របស់រដ្ឋអាជ្ញាតុលាការទីក្រុងតៃប៉ិ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា អតីតមន្ត្រីចារកិច្ចយោធាតៃវ៉ាន់បួននាក់ ខណៈដែលក្នុងនោះមានម្នាក់ធ្លាប់ជាឧត្តមសេនីយ៍ទោផង ត្រូវបានចោទប្រកាន់ពីបទលួចយកការណ៍ឲ្យចិន។
រដ្ឋអាជ្ញាក្នុងទីក្រុងតៃប៉ិ បាននិយាយបន្ថែមថា អតីតមន្ត្រីយោធាទាំងបួននាក់ បានបង្កើតបណ្ដាញស៊ើបយកការណ៍ និងប្រមូលព័ត៌មានសម្ងាត់ឱ្យទីក្រុងប៉េកាំង។ ដោយឡែកបើតាមមេធាវីរដ្ឋាភិបាល ពីរនាក់ក្នុងចំណោមអ្នកទាំងបួនដែលជាវរសេនីយ៍ ត្រូវបានអូសទាញដោយមន្ត្រីសន្តិសុខជាតិរបស់ចិននៅឯខេត្តគ័ងតុង ហើយបានណែនាំសហការីពួកគេជាច្រើននាក់ឱ្យស្គាល់មន្ត្រីចិនតាំងពីឆ្នាំ២០១២ មក។
ក្នុងចំណោមនោះ ក៏មានមន្ត្រីថ្នាក់ឧត្តមសេនីយ៍ទោម្នាក់មានត្រកូល Yueh ។ ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្ដីរដ្ឋអាជ្ញាតៃវ៉ាន់ថា លោក Yueh ទទួលបានលុយ វត្ថុអនុស្សាវរីយ៍ និងដំណើរកម្សាន្តឥតគិតថ្លៃជាច្រើនលើកនៅទឹកដីចិន និងម៉ាកាវ។ អតីតមន្ត្រីចារកិច្ចរូបនេះ ក៏ធ្វើការជាមួយមន្ត្រីឯទៀតដើម្បីបង្កើតខ្សែរយៈយកការណ៍ឱ្យទីក្រុងប៉េកាំង។
ជាក់ស្ដែងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋអាជ្ញាប្រចាំទីក្រុងតៃប៉ិបន្ថែមថា អ្នកទាំងបួននាក់បានដឹងពីការប្រឈមមុខដាក់គ្នារវាងចិន និងតៃវ៉ាន់ តែបន្តធ្វើសកម្មភាពខុសច្បាប់ដដែល។ ពួកគេ ត្រូវចោទក្រោមច្បាប់សន្តិសុខជាតិ និងច្បាប់ចារកិច្ច។
សូមជម្រាបថា បេីមែនទែនទៅ ចិន និងតៃវ៉ាន់ សុទ្ធតែអនុវត្តវិធីសាស្ត្រដូចគ្នានេះដើម្បីប្រមូលព័ត៌មានពីគ្នាទៅវិញទៅមក។ ចិនក៏ធ្លាប់ចាប់ខ្លួនអ្នកយកការណ៍ឱ្យតៃវ៉ាន់ ឯតៃវ៉ាន់ក៏ធ្លាប់ចាប់ខ្លួន និងកាត់ទោសអ្នកស៊ើបការណ៍ឱ្យចិនដែរ។ កាលពីខែតុលា ឆ្នាំ២០២០ តុលាការតៃវ៉ាន់កាត់ទោសមន្ត្រីយោធាម្នាក់ឱ្យជាប់គុកបួនឆ្នាំលើការយកការណ៍នេះ។
គួរបញ្ជាក់ដែរថា ចំណែកខ្សែបណ្ដាញស៊ើបការណ៍ដែលនៅទឹកដីចិនវិញ ក៏បានអះអាងថា បណ្ដុះបណ្ដាលដោយតៃវ៉ាន់ ក៏ត្រូវបានបំបែកជាច្រើនលើក។ សម្រាប់ចិន គេកម្រឃើញជនជាតិចិនណាត្រូវចាប់ខ្លួនក្រោមហេតុផលនេះណាស់ ដោយមានច្រើនតែអ្នកមកពីកោះតៃវ៉ាន់ផ្ទាល់៕ដោយ៖សហការី
រូបភាព៖តុលាការទីក្រុងតៃប៉ិ