ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់អោយដឹងថា, “ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានថា វីរុសកូវីដ-១៩មានក្នុងសត្វប្រចៀវនៅកម្ពុជា, ជុំវិញបញ្ហានេះ ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១”ខាងមុខនៅទីស្តីការក្រសួង។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា, នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានដើម្បី «បំភ្លឺលើពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា , សន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពី លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានធ្វើការច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា វីរុសកូវីដ-១៩ មានក្នុងសត្វប្រចៀវនៅកម្ពុជា តាំងពីឆ្នាំ២០១០។ លោកស្រីបានអះអាងថា វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ឡើយ គឺគ្រាន់តែស្រដៀងគ្នាតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា «មិនត្រឹមត្រូវ និងយល់ច្រឡំធំហើយ។ ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មាន បំភ្លឺលើបញ្ហានេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក នៅក្រសួងសុខាភិបាល»។
សូមបញ្ជាក់ផងដែរថា, នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានឲ្យដឹងថា , រកឃើញអ្នក covid-19 ថ្មីចំនួន ១៧នាក់ នឹងជាសះស្បើយចំនួន ៣នាក់។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកអំពីវិធានការ ៣ការពារ, កុំ៣ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាបទបញ្ជានានារបស់រាជរដ្ឋាភិបាល៕
ដោយ៖ សិលា