ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រលប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានអោយដឹងថា, កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់មួយចំនួនបានទទួលអុីមែលទាក់ទងនឹងលក្ខខណ្ឌថ្មី របស់កម្មវិធី WhatsApp ដែលអ្នកប្រើប្រាស់ត្រូវតែឯកភាពចាប់ផ្ដើមពីពាក់កណ្ដាលខែឧសភាខាងមុខ ដើម្បីអាចបន្តប្រើប្រាស់កម្មវិធីនេះបាន។ ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងអុីមែលនេះថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ ក្រុមហ៊ុននឹងបិទមិនឱ្យអ្នកប្រើប្រាស់អាចទទួល និងអានសារបាន ប៉ុន្តែពួកគេអាចបន្តទទួលការហៅចូលមួយរយៈតូច ហើយប្រសិនបើគណនីណាមិនមានដំណើរការក្នុងរយៈពេល ១២០ថ្ងៃ ក្រុមហ៊ុននិងបិទគណនីទាំងនោះចោល។
កាលពីដើមខែមុនក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសដាក់ចេញនូវលក្ខខណ្ឌថ្មីសម្រាប់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យរបស់មាសប្រើប្រាស់មួយចំនួនទៀតជាមួយក្រុមហ៊ុនហ្វេសប៊ុក ជាងនេះទៅទៀតក្រុមហ៊ុនក៏អាចទាញយកទិន្នន័យពីក្នុងសារដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនេះបានធ្វើឱ្យអ្នកប្រើប្រាស់មានការព្រួយបារម្ភយ៉ាងខ្លាំង៕
ទាក់ទងនឹងការទាញយកទិន្នន័យពីក្នុងសារ ក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេនឹងមិនប៉ះពាល់សារដែលផ្ញើររវាងអ្នកប្រើប្រាស់ជាលក្ខណៈឯកជន ប៉ុន្តែប្រសិនបើលោកអ្នកផ្ញើសារទៅក្រុមហ៊ុនវិញ ទិន្នន័យនៅក្នុងសារទាំងនោះអាចត្រូវបានចែករំលែកជាមួយក្រុមហ៊ុនហ្វេសប៊ុកដើម្បីធ្វើការវិភាគនិងកំណត់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម៕
ដោយ៖ សិលា