ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃ ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ ក្រុមហ៊ុន Sinovac ដំបូងគេ

ចែករំលែក៖

ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា បានស្នើឲ្យលោកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មុនគេបង្អស់ ផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ចិន។
តាមសារព័ត៌មាន TTXNV បានផ្សាយថា នៅថ្ងៃទី២២ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រីប្រាយុទ្ធ បានប្រកាសថា មានពលរដ្ឋក្រោមអាយុ៦០ឆ្នាំទើបអាចចាក់វ៉ាក់សាំងបាន។ តាមនាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឱសថ ថៃ FDA បានឲ្យដឹងថា មកទល់ពេលនេះ FDA បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Sinovac ។ តាមគម្រោង វ៉ាក់សាំងចំនួន២លានដូសនឹងមកដល់ប្រទេសថៃនៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២១។
គិតមកដល់វេលាម៉ោង១៩ ថ្ងៃទី ២២ខែកុម្ភៈថៃមានករណីឆ្លងកូវីដ -១៩ សរុបជាង២៥ពាន់នាក់ និងស្លាប់៨៣នាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកថៃមានករណីឆ្លងធ្លាក់ចុះ ពីជាង១០០នាក់នៅសល់តែ៨៩នាក់ប៉ុណ្ណោះ ក្នុងថ្ងៃទី២២ខែកុម្ភៈ។
ដោយឡែកប្រទេសវៀតណាមវិញ នៅថ្ងៃទី ២៨ខែកុម្ភៈនឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបង្អស់ផងដែរ។ នៅពេលនេះ វៀតណាមកំពុងពិភាក្សាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩បន្ថែម ពីក្រុមហ៊ុន AstraZenaca ចំនួន៣០លានដូសទៀត ។ ប្រសិនបើទទួលបានជោគជ័យ ក្នុងកិច្ចពិភាក្សា វៀតណាមនឹងទទួលបានវ៉ាក់សាំងចំនួន ៦០លានដូស នៅចុងឆ្នាំ២០២១នេះ។
តាមគម្រោងនៅចុងខែកុម្ភៈនេះវៀតណាមនឹងទទួលបានវ៉ាក់សាំង ប្រឆាំងកូវីដ -១៩ ចំនួន២សែនដូសពីក្រុមហ៊ុន AstraZeneca ។ ជាមួយគ្នានេះដែរ កម្មវិធីវ៉ាក់សាំង COVAX របស់អង្គការសហប្រជាជាតិក៏នឹងផ្តល់ជូនវៀតណាមចំនួន៤,៨លានដូសផងដែរ ។
នៅពេលនេះវៀតណាមមានករណីឆ្លងកូវីដ-១៩ចំនួន២៣៩២នាក់ និងអ្នកឆ្លងថ្មីក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានតែ៩នាក់ប៉ុណ្ណោះ ៕ដោយ៖ធីរីណា


ចែករំលែក៖