ព័ត៌មានទាន់ហេតុការណ៍៖

តាមសំណើរ លោក ឌី វិជ្ជា គឺសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យដេញចេញពីកម្ពុជា និងលែងឱ្យចូលវិញ ចំពោះជនបរទេសគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក

ចែករំលែក៖

      ភ្នំពេញ ៖ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ។

សូមបញ្ជាក់ថា, ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បែបនេះ បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

ក្នុងព្រឹត្តិការណ៍សហគមន៍ «៣វិច្ឆិកា», «២៨វិច្ឆិកា» និង «២០កុម្ភៈ» អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័កជាដើម។ នេះជាសំណើលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដាក់ទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ឌី វិជ្ជា បានទៀតថា, បន្ថែមពីលើទីតាំងពាក់ព័ន្ធមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ។

ក្នុងលិខិតនេះលោក ឌី វិជ្ជា បានស្នើសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវវិធានការចំនួន៣ ចំពោះជនមិនសហការទាំងនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ វិធានការទាំង ៣ចំណុចនោះរួមមាន៖
១-ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី, ២-ចាត់វិធានការតាមផ្លូវច្បាប់
៣- ចំពោះជនជាតិខ្មែរ និងសម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

សំណើវិធានការទាំង៣ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចារយល់ព្រមរួចរាល់ហើយនៅថ្ងៃដដែលនេះ។

សូមបញ្ជាក់ថា សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុងផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស។
សូមបញ្ជាក់ផងដែរថា,នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានអោយដឹងថា, កម្ពុជារកឃើញអ្នក covid 19 ចំនួន ៣៥នាក់ នឹងជាសះស្បើយចំនួនបីនាក់។
សម្ដេចតេ ជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឲ្យមានការបិទសាលារៀនជាបណ្ដោះអាសន្ននៅរាជធានីភ្នំពេញនិងនៅខេត្តកណ្ដាល ទាំងសាលារដ្ឋ និងសាលាឯកជន ចំនួនពីរសប្តាហ៍។ ប៉ុន្តែអនុញ្ញាតឲ្យមានការរៀនតាមប្រពន្ធអនឡាញ៕

ដោយ៖ សិលា


ចែករំលែក៖