ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Google កំពុងតែសាកល្បងដាក់ឱ្យប្រើប្រាស់មុខងារដែលអាចចាក់សោ Incognito Tab ជាមួយនឹងទិន្នន័យជីវមាត្រ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, សម្រាប់អ្នកប្រើប្រាស់ដែលមិនចង់ឱ្យទិន្នន័យរបស់វេបសាយត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រ ឬទូរសព្ទនោះ ពួកគេតែងតែប្រើ Incognito Tab ឬ Private Tab ជាពិសេសនៅពេលដែលពួកគេប្រើកុំព្យូទ័រសាធារណៈ ឬទូរសព្ទរបស់អ្នកដទៃនោះ។ វិធីនេះគឺដើម្បីចៀសវាងកុំឱ្យអ្នកដទៃ ដែលប្រើឧបករណ៍ជាមួយលោកអ្នក ដឹងអំពីវេបសាយដែលលោកអ្នកបានចូលទៅមើល។

ទោះបីជា Incognito Tab មិនបានរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងនៅក្នុងទូរសព្ទក្ដី ប៉ុន្តែប្រសិនបើលោកអ្នកភ្លេចបិទវានោះ អ្នកដទៃទៀតអាចចូលទៅមើលវាបាន ដូច្នេះហើយបានជាក្រុមហ៊ុន Google កំពុងតែសាកល្បងមុខងារថ្មីជាមួយនឹងកម្មវិធី Chrome ដែលអាចឱ្យអ្នកប្រើប្រាស់ដែលប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS អាចចាក់សោ Incognito Tab ជាមួយនឹងទិន្នន័យជីវមាត្រ (Biometrics) មានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម។ ជាមួយនឹងមុខងារថ្មីនេះកម្មវិធី Chrome នឹងមិនបង្ហាញនូវព័ត៌មានដែលមាននៅលើស្រ្គីន ប្រសិនបើកម្មវិធីមិនអាចបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ជាថ្មីតាមរយៈទិន្នន័យជីវមាត្រ។

គួរបញ្ជាក់ផងដែរថា មុខងាររបស់ Incognito Tab គឺវាគ្រាន់តែមិនរក្សាទុកទិន្នន័យនៅក្នុងទូរសព្ទតែប៉ុណ្ណោះ ហើយនេះមិនមានន័យថាគ្មាននរណាម្នាក់អាចដឹងពីការចូលទៅប្រើប្រាស់វេបសាយរបស់លោកអ្នកនោះទេ ព្រោះអ្នកគ្រប់គ្រងប្រព័ន្ធ network និងក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតអាចដឹងពីការចូលទៅក្នុងវេបសាយទាំងអស់នោះបាន៕

ដោយ៖ សិលា


ចែករំលែក៖