ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី​ អាចនឹងវាយប្រហាររដ្ឋធានីហ្សាការតាម្តងទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ​

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា​ នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅខ្លាំង នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ​ ហេីយ​រដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី អាចនឹងត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបន្ថែមទៀត។

ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៉ី បាន​ព្យាករណ៍ថា​ ភ្លៀងធ្លាក់ខ្លាំងអាចនឹងវាយប្រហាររដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃចន្ទទី២២​ កុម្ភៈ​ ហើយនឹងបន្តរហូតដល់ពេលព្រឹក ថ្ងៃអង្គារនេះ។ ដោយ​ភ្លៀងធ្លាក់នឹងមានកម្រិតទាប នៅថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែវាអាចនឹងកើនឡើងដល់កម្រិតធ្ងន់នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ដែលអាចបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីជាបន្តបន្ទាប់នៅរដ្ឋធានីហ្សាការតា និងតំបន់ជាយៗរដ្ឋធានីមួយនេះ។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

សូមជម្រាបថា​​ គ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី​នេះ បានធ្វេីឲ្យតំបន់ជាច្រើននៅក្នុងរដ្ឋធានីហ្សាការតា និងទីក្រុងជិតខាង Tangerang ទីក្រុង Bekasi ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងរហូតដល់ កម្ពស់ ២ម៉ែត្រកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

គួរបញ្ជាក់ថា​ កម្រិតទឹកភ្លៀងធ្លាក់លើសពី ១៥០មីល្លីម៉ែត្រក្នុងមួយថ្ងៃ ត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរបំផុត៕ដោយ​៖ស​ តារា​

រូបភាព​៖ប្រជាពលរដ្ឋរងគ្រោះ​ និងអាជ្ញាធរចេញទូកចុះជួយ


ចែករំលែក៖