អន្តរជាតិ៖ មេទ័ពយោធាមីយ៉ាន់ម៉ា ចំនួនពីររូបទៀតហេីយ ដែលជាប់ទាក់ទិននឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ត្រូវបានសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្របពេលសហភាពអឺរ៉ុប ក៏បានត្រៀមរួចរាល់ក្នុងការដាក់ចេញវិធានការរឹតត្បិតលើរបបសឹក។ ដោយឡែកចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មី ឲ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំផ្សេងទៀត និងបញ្ឈប់ការបង្រ្កាបលើក្រុមបាតុករនៅមីយ៉ាន់ម៉ា។
បេីតាមការបញ្ជាក់របស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក មេដឹកនាំយោធាពីររូបនោះគឺមានលោកឧត្តមសេនីយ៍ Moe Myint Tun និងលោកឧត្តមសេនីយ៍ Maung Maung Kyaw មេបញ្ជាការទ័ពអាកាសដែលអ្នកទាំងពីរជាសមាជិករបបសឹកមីយ៉ាន់ម៉ា។
ជាក់ស្ដែងក្រសួងហិរញ្ញវត្ថុអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះថា៖«របបសឹកត្រូវផ្លាស់ប្តូរសកម្មភាពរបស់ខ្លួន និងបង្កើតរដ្ឋាភិបាលស៊ីវិលនៅមីយ៉ាន់ម៉ាជាបន្ទាន់»។ ក្រសួងហិរញ្ញវត្ថុអាមេរិក បន្ថែមថា ប្រសិនរបបសឹកមិនផ្លាស់ប្តូរសកម្មភាពរបស់ខ្លួនទេ អាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតឡើយ។ ចំណែកទណ្ឌកម្មខាងលើ រាប់បញ្ចូលជាការបង្កកទ្រព្យសម្បត្តិ និងហាមប្រជាជនអាមេរិក រកស៊ីជាមួយក្រុមយោធា។
សូមជម្រាបថា សហរដ្ឋអាមេរិក កន្លងមកបានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាចំនួន១០រូបហើយ ក្នុងនោះមានដូចជា៖ លោកឧត្តមសេនីយ៍មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា, ប្រធានាធិបតីស្តីទី លោកMyint Swe និងមេដឹកនាំយោធាផ្សេងទៀត។
ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានព្រមានដាក់ទណ្ឌកម្មលើក្រុមយោធាផងដែរ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការបរទេសសហភាពអឺរ៉ុប។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីការបរទេសប្រទេសមាជិកសហភាពអឺរ៉ុប ប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់ចេញវិធានការឆ្លើយតបនឹងរដ្ឋប្រហារយោធា។ សហភាពអឺរ៉ុប កំពុងពិចារណាគោលនយោបាយរបស់ខ្លួនទាំងអស់ដែលទាក់ទិននឹងមីយ៉ាន់ម៉ា, ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងការអនុគ្រោះពន្ធជាដើម។
ជុំវិញបញ្ហានេះដែរ លោក Dominic Raab រដ្ឋមន្រ្តីការបរទេសអង់គ្លេស នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស បានជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ា ដោះលែងអ្នកឃុំខ្លួនទាំងអស់ រួមទាំងលោកស្រី ស៊ូជី និងគោរពឆន្ទះរបស់ប្រជាជន។ ដោយឡែក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានបញ្ជាក់ដូចអង់គ្លេសដែរ ដោយជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំទាំងអស់។
គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានប្រទេសបីហើយ ដែលបានដាក់ទណ្ឌកម្មលើមេដឹកនាំយោធា ក្នុងនោះមានដូចជា៖ សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងកាណាដា។ ចំពោះទណ្ឌកម្មទាំងនោះ គឺជាការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ចូលទឹកដីរបស់ពួកគេ៕ដោយ៖ស តារា
រូបភាព៖Reuters