ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងទូកុងតឺន័របើក​ឡើង​ខឿន​ផ្លូវ បុក​បង្គោល​ស្លាក​សញ្ញា​បាក់​២​ដើម និងបុក​បង្គោល​ភ្លើងបាក់​មួយ​ដើម​ទៀត​

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសណ្តោងទូកុងតឺន័របើកលឿន​ពេកជ្រុលទៅឡើងលើ​ខឿន​ផ្លូវ​បុក​បង្គោល​ស្លាក​សញ្ញា​បាក់​២​ដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់មួយ​ដើម​ទៀត​។ ក្រោយកើតហេតុអ្នកបើកបររថយន្ត​​បានបើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​នៅវេលា​ម៉ោង ២ និង៥០នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃ​​ទី ២៤ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​សណ្តោងទូកុងតឺន័រក្បាល​ពណ៌​ស ពាក់ស្លាកលេខ​ភ្នំពេញ 3F-3239 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេងក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ឡើងលើ​ខឿន​ផ្លូវ​ទៅបុក​បង្គោល​ស្លាក​សញ្ញា​បាក់​អស់២​ដើម រួច​បន្ត​បើក​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ទៀត បណ្តាល​ឲ្យ​ខ្ទាត​បង្គោល​ភ្លើង​ទៅ​ចិញ្ចើមផ្លូវ​។ប៉ុន្តៃជាសំណាងល្អដែរដែលនៅក្នុងគ្រោះថ្នាក់នេះមិនបណ្តាលឲ្យមាន​អ្នកធ្វើដំណើ​រតាម​ដងផ្លូវរងរបួស និងស្លាប់ គឺគ្រាន់តែខូចខាតទ្រព្យសម្បត្តិ​រដ្ឋ​ប៉ុណ្ណោះ។​

​បន្ទាប់ពីហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​នបានចុះមក​ដល់​ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យ​ចុះមក​​ធ្វើ​កំណត់ហេតុ​ស្ទូចយក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ឯការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ដ្ខានរាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយគ្នានៅពេល​ក្រោយ​៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖