ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានផ្ញើសារឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយលោកបានបញ្ជាក់ថា÷ ក្នុងកាលៈទេសៈនៃការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ នាពេលនេះ សូមបងប្អូនចូលរួមអនុវត្តនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ព្រោះការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងដ៏សាហាវនេះ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើង។
សារនេះត្រូវបាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្របពេលដែលស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍«ព្រឹត្តិការណ៍២០កុម្ភៈ» កំពុងមានការឆ្លងរីករាលដាលគួឲ្យព្រួយបារម្ភ។
យោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤០នាក់ថ្មីទៀត ដែលក្នុងនោះមាន៣៨នាក់ជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស។
គួរកត់សម្គាល់ថា គ្រាន់តែរយៈពេល ៤ថ្ងៃចុងក្រោយនេះករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ»មាន មានអ្នកឆ្លងរហូតដល់១៣៧នាក់៕
ដោយ៖ សិលា