ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ ថា៖ «រដ្ឋាភិបាលយោធា» ឬ «របបសឹក»

ចែករំលែក៖

អន្តរជាតិ​៖​ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ម៉ា ថា «រដ្ឋាភិបាលយោធា» ឬ «របបសឹក»។ ហេីយ​ចំពោះ​ការព្រមាននេះ ត្រូវបានអ្នកសារព័ត៌មានមីយ៉ាន់ម៉ា ចាត់ទុកជាទង្វើប៉ុនប៉ងបំបិទរបាយការណ៍ពិតនៅក្នុងប្រទេសមួយនេះ។

បេីតាមក្រសួងព័ត៌មានមីយ៉ាន់ម៉ា កន្លងមកបានផ្ញើសេចក្តីបង្គាប់ម្តងហើយ ទៅស្ថាប័នសារព័ត៌មានក្នុងស្រុក មិនអនុញ្ញាតឱ្យប្រើប្រាស់ពាក្យ «រដ្ឋាភិបាលយោធា ឬ របបយោធា» លើក្រុមប្រឹក្សារដ្ឋថ្មី ដែលត្រូវបានតែងតាំងដោយយោធា បន្ទាប់ពីដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិល។ ប៉ុន្តែនៅតែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ាប្រើពាក្យនេះដដែល។

ជាក់ស្ដែង​នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល​ ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញនេះ​ ក៏ចេញមុខព្រមានដោយផ្ទាល់។ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ារូបនោះ​ បានលើកឡើងថា វិធានការមួយចំនួន ត្រូវដាក់ចេញលើស្ថាប័នសារព័ត៌មាន ដោយផ្អែកតាមក្រមសីលធម៌សារព័ត៌មាន និងមានការតាមដានពីក្រុមប្រឹក្សាសារព័ត៌មីយ៉ាន់ម៉ា។

តាមការលេីកឡេីងរបស់មេដឹកនាំរបបសឹករូបនេះ បានព្រមានជាសាធារណៈ​ថា៖ «ចំណាត់ការ នឹងត្រូវអនុវត្តលើអ្នកបំពាន ដែលបន្តប្រើប្រាស់រដ្ឋាភិបាលយោធា តាមរយៈការដកអាជ្ញាប័ណ្ណមិនឱ្យផ្សព្វផ្សាយ»។

សូមជម្រាបថា​ ការប្រកាសរបស់ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើឱ្យអ្នកសារព័ត៌មានមីយ៉ាន់ម៉ាជាច្រើនរូប មិនពេញចិត្តយ៉ាងខ្លាំង។ ជាក់ស្តែងនិពន្ធនាយកស្តីទីរបស់សារព័ត៌មាន Myanmar Times បានប្រាប់សារព័ត៌មានក្នុងស្រុក The Irrawaddy ថា៖ ការព្រមានរបស់ក្រុមយោធា ជាការប៉ុនប៉ងបំបិទព័ត៌មានមិនពិតនៅក្នុងប្រទេស ហើយវានឹងធ្វើឱ្យស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ថែមទៀត។ ចំណែកសារព័ត៌មាន Mizzima បានអះអាងថា ខ្លួននឹងនៅតែបន្តប្រើប្រាស់ ក្រុមប្រឹក្សាយោធា រដ្ឋាភិបាលយោធា ឬរបបសឹកដដែល ទោះមានការព្រមានយ៉ាងណាក្តី។

គួរបញ្ជាក់ថា បន្ទាប់ពីសេចក្តីបង្គាប់បញ្ជារបស់ក្រសួងព័ត៌មាន បុគ្គលិកសារព័ត៌មាន Myanmar Times ជាច្រើននាក់ បានលាលែងជាបន្ទាប់ ដើម្បីគោរពតាមការណែនាំ។ ចំណែកសារព័ត៌មាន The Irrawaddy បានធ្វើយុទ្ធនាការ «គាំទ្រសារព័ត៌មានឯករាជ្យ» តាមរយៈការបង្ហោះសារលើវេបសាយរបស់ខ្លួនដែរ៕ដោយ​៖ស​ តារា​

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា

(រូបថត៖ពីវេបសាអង្គភាពព័ត៌មានកងទ័ពមីយ៉ាន់ម៉ា)


ចែករំលែក៖