អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី នៅថ្ងៃទី២២ ខែកុម្ភៈ បានចេញមុខការពាររដ្ឋាភិបាលចិនជាថ្មី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយអះអាងថា តំបន់ស៊ីងជាំង បើកទ្វារចាំទទួលក្រុមសិទ្ធិមនុស្សជានិច្ច។ បន្ទាប់ពីមានការចោទប្រកាន់ជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិលើការបំពានសិទ្ធិមនុស្សលើជនជាតិភាគតិចវីហ្គ័រក្នុងតំបន់ស៊ីងជាំង។
ជាការឆ្លើយតប ប្រមុខការបរទេសចិនរូបនេះ បានការពារសកម្មភាពរដ្ឋាភិបាលចិនថា មិនមានអំពើប្រល័យពូជសាសន៍លើជនជាតិវីហ្គ័រនៅតំបន់ស៊ីងជាំងឡើយ ហើយថែមទាំងអញ្ជើញឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សទៅថែមទៀត។ «ទ្វារទៅតំបន់ស៊ីងជាំងនៅតែបើកជានិច្ច»។ លោកវ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស។
លោក វ៉ាង យី បន្តថា មនុស្សមកពីបណ្តាប្រទេសជាច្រើន អាចទៅលេងនៅតំបន់ស៊ីងជាំងបាន ដើម្បីសិក្សា និងស្វែងយល់ការពិត។ ក្នុងន័យនេះ លោកវ៉ាង ក៏បានសម្តែងការស្វាគមន៍ផងដែរ ចំពោះឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សទៅតំបន់ស៊ីងជាំង។ យ៉ាងណាមិញ ការអញ្ជើញរបស់ប្រមុខការទូតចិន មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ឡើយ។
គួររម្លឹកថា មួយរយៈចុងក្រោយនេះ មតិរិះគន់ពីសហគមន៍មកលើចិន បានធ្លាក់មកជាច្រើន ជាពិសេសបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីងជាំង។ កន្លងមកអាមេរិក បានហៅចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចវីហ្គ័រនៅក្នុងតំបន់ស៊ីងជាំង។ សភាជាន់ទាបកាណាដា ក្នុងថ្ងៃទី២២ ខែកុម្ភៈ បានអនុម័តញ្ញាតិមួយ ដែលគាំទ្រក្នុងសំឡេង ២៦៦លើ៣៣៨ ដោយទទួលស្គាល់ថា ចិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចវីហ្គ័រក្នុងតំបន់ស៊ីងជាំង។
ជាមួយគ្នានេះ នៅថ្ងៃដដែល នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឯណោះវិញ លោក Dominic Raab រដ្ឋមន្រ្តីការបរទេសអង់គ្លេស ជំរុញឱ្យអ្នកស៊ើបអង្កេតក្រុមប្រឹក្សាសិទ្ធិមនុស្សបើកប្រតិបត្តិការរបស់ខ្លួននៅក្នុងមណ្ឌលអប់រំឡើងវិញរបស់ចិន។ ប្រមុខការទូតរូបនេះ លើកឡើងថា មានការធ្វើទណ្ឌកម្ម, ការចាប់បង្ខំឱ្យធ្វើការ និងធ្វើឱ្យស្ត្រីជនជាតិវីហ្គ័រមិនអាចមានកូនបានថែមទៀត នៅក្នុងមណ្ឌលទាំងនោះ។
គួរបញ្ជាក់ថា លោកវ៉ាង យី នៅក្នុងកិច្ចប្រជុំដដែលនេះ បានអះអាងដូចលើកមុនថា ចិន មិនបានបំពានសិទ្ធិមនុស្សឡើយ។ ផ្ទុយទៅវិញសកម្មភាពរបស់ចិន គឺជាទង្វើប្រឆាំងគំនិតជ្រុលនិយម ដោយផ្អែកតាមច្បាប់ ហើយតំបន់ស៊ីងជាំងទៀតសោត ក៏មានស្ថិរភាពសង្គម និងការអភិវឌ្ឍផងដែរក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដោយគ្មានករណីភេរវកម្ម។ សម្រាប់អ្នកការទូតចិន ការចោទប្រកាន់ពីសំណាក់ប្រទេសមួយចំនួន គឺគ្រាន់តែជាចរិតនយោបាយ និងគ្មានការពិត៕ដោយ៖ស តារា
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន
រូបភាព៖ Xinhua