ម៉ាឡេស៊ីបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី២៤ ខែកុម្ភៈ គឺមុនពេលគ្រោងទុកពីរថ្ងៃ ។ នាយករដ្ឋមន្ត្រី Muhyiddin Yassin គឺជាបុគ្គលដំបូងទទួលបានការចាក់វ៉ាក់សាំង ។
តាមសារព័ត៌មាន Bloomberg បានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin រួមជាមួយមន្ត្រីសុខាភិបាលទទួលបានការចាក់វ៉ាក់សាំងមុនគេ។ វ៉ាក់សាំងដែលម៉ាឡេស៊ីប្រើប្រាស់គឺទិញពីក្រុមហ៊ុន Pfizer ។ ពិធីចាក់វ៉ាក់សាំង ធ្វើឡើងនៅតំបន់ Putrajaya ជារដ្ឋធានីរដ្ឋបាលរបស់ប្រទេសនេះ ។
ការចាក់វ៉ាក់សាំងដំណាក់កាលដំបូង របស់ម៉ាឡេស៊ី បានអូសបន្លាយរយៈពេលរហូតដល់ដំណាច់ខែមេសា។ អ្នកដែលទទួលបានការចាក់ដំបូងមាន៥០០ពាន់នាក់ ជាបុគ្គលិកពេទ្យ ទាហាន កម្លាំងសន្តិសុខ និងគ្រូបង្រៀន។ ម៉ាឡេស៊ីទទួលបានវ៉ាកសាំងដំបូងគេបង្អស់នៅថ្ងៃអាទិត្យកន្លងមក ដោយមានវ៉ាក់សាំងចំនួន៣១២.៣៩០ ដូស
របស់ក្រុមហ៊ុន Pfizer ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា វ៉ាក់សាំងខាងលើនេះមានប្រសិទ្ធភាពនិងសុវត្ថិភាព ដូច្នេះសូមជឿជាក់ទៅលើវ៉ាក់សាំង ដើម្បីធានាដល់ការទប់ស្កាត់កូវីដ-១៩ យ៉ាងល្អបំផុត។
រដ្ឋាភិបាលម៉ាឡេស៊ីមានសិទ្ធិក្នុងការទិញវ៉ាក់សាំង ចំនួន៦៦,៧ លានដូសពីបណ្តាក្រុមហ៊ុនដម្បីចាក់ជូនពលរដ្ឋគ្រប់គ្រាន់។ ជាមួយគ្នានោះ ក្រុមហ៊ុនPfizer គឺទទួលបានការអនុម័តទិញពីរដ្ឋាភិបាល។ ក្រុមហ៊ុននេះនឹងផ្តលជូនម៉ាឡេស៊ី ៣២លានដូស ។ ក្រៅពីនេះម៉ាឡេស៊ីក៏បានទិញវ៉ាក់សាំង ១២,៨ លានដូស របស់ក្រុមហ៊ុន AstraZeneca; 12លានដូសពី Sinovac, 6,4 លានដូស ពី Sputnik Vនិង3,5លានដូសពីCanSinoBio៕
ដោយ៖ធីរីណា(រូបភាព៖Reuters )