រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលតែងតាំងពីកម្លាំងយោធានៅថ្ងៃទី២៤ខែកុម្ភៈ បានទៅកាន់ប្រទេសថៃ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទនយោបាយនៅក្នុងប្រទេស ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានទៅកាន់ប្រទេសថៃដើម្បីចូលរួមកិច្ចពិភាក្សា ជាមួយមន្ត្រីការបរទេស អាស៊ាន ស្វែងរកដំណោះស្រាយនយោបាយ ក្រោយការធ្វើបាតុកម្មកាន់តែខ្លាំងឡើង ក្នុងប្រទេសអាស៊ានមួយនេះ។
កន្លងមក សារព័ត៌មានរ៉យទ័រក៏បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានលើកឡើងថា «ដំណើរការ ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ គឺត្រូវតែធ្វើតាមគោលបំណងរបស់ពលរដ្ឋ »។
កន្លងមករដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi ធ្លាប់បានឡើងគម្រោង ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ២៥ខែកុម្ភៈ ប៉ុន្តែក្រោយមកក៏បានពន្យារពេល ដោយសារតែយល់ឃើញថាមិនមែនជាពេលសមស្របខណៈបាតុកម្មកាន់តែខ្លាំងឡើង។
សកម្មភាពខាងលើកើតឡើងក្នុងពេលដែលពលរដ្ឋមីយ៉ាន់ម៉ាបង្កើនការធ្វើបាតុកម្មកាន់តែខ្លាំងឡើង ប្រឆាំងការដឹកនាំដោយយោធា ហើយទាមទារឲ្យដោះលែងលោកស្រីអោងសាន ស៊ូជី ។ ក្រុមបាតុករមិនខ្វល់ពីការព្រមានប្រើហិង្សាពីកម្លាំងយោធាដើម្បីបំបែកបាតុកម្មក្តី។
នៅថ្ងៃទី២៤ខែកុម្ភៈ ក្រុមបាតុកររួមទាំងបុគ្គលិកក្រសួងថាមពលមីយ៉ាន់ម៉ា បានដង្ហែក្បួនធ្វើបាតុកម្មជាបន្តទៀត។ បុគ្គលិកស្ថាប័នរដ្ឋជាច្រើនបានផ្អាកដំណើរការដោយសារតែបុគ្គលិកទៅចូលរួមធ្វើបាតុកម្មប្រឆាំងយោធាកាន់អំណាច៕ ដោយ៖ធីរីណា
រូបភាព៖AP