ព័ត៌មានទាន់ហេតុការណ៍៖

UEFA បើកការស៊ើបអង្កេតបន្ទាប់ពី Ibrahimovic បានរំលោភបំពានជាតិសាសន៍ពេលប្រកួតជាមួយក្រុម Red Star

ចែករំលែក៖

សហព័ន្ធបាល់ទាត់អឺរ៉ុបបានអះអាងថា UEFA បានបើកការស៊ើបអង្កេតផ្នែកវិន័យមួយបន្ទាប់ពីខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic របស់ក្រុម AC Milan រងការរំលោភបំពានប្រកាន់ជាតិសាសន៍នៅក្នុងការប្រកួត Europa League កាលពីសប្តាហ៍មុនជាមួយក្រុម Red Star Belgrade នៅស៊ែប៊ី។ ប្រព័ន្ធផ្សព្វផ្សាយស៊ែប៊ីបានរាយការណ៍ថា Ibrahimovic ដែលមានដើមកំណើតបូស្នៀត្រូវបានប្រមាថដោយបុគ្គលម្នាក់ដែលអង្គុយនៅក្នុងកៅអីវីអាយភីរបស់កីឡដ្ឋាន Red Star អំឡុងពេលប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៨ ខែកុម្ភៈ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា អ្នកត្រួតពិនិត្យក្រមសីលធម៌ និងវិន័យត្រូវបានតែងតាំង ដើម្បីធ្វើការស៊ើបអង្កេតវិន័យទាក់ទងនឹងឧប្បត្តិហេតុដែលបានកើតឡើងក្នុងការប្រកួតដណ្តើមពានរង្វាន់ Europa League វគ្គជម្រុះ៣២ក្រុម ។ មិនមានអ្នកគាំទ្រណាចូលរួមការប្រកួតនេះទេ ដោយសារតែមានការរឹតត្បិតលើការរីករាយដាលជំងឺកូវីដ-១៩ ហើយ Ibrahimovic ត្រូវបានអង្គុយនៅជួរខាងលិចនៃកីឡដ្ឋាននៅខាងក្រោយរួមជាមួយកីឡាករជំនួស និងបុគ្គលិករបស់ក្រុម AC Milan ផ្សេងទៀត។ ក្រុម Red Star បានសុំអភ័យទោសដល់ Ibrahimovic នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនហើយបាននិយាយថា ពួកគេនឹងធ្វើការជាមួយអាជ្ញាធរដើម្បីកំណត់អត្តសញ្ញាណជនល្មើស។ ក្រុម Red Star បានស្មើ ២-២ ជាមួយក្រុម AC Milan ក្នុងជើងទី១ នៃការប្រកួតវគ្គជម្រុះ៣២ក្រុមចុងក្រោយ ខណៈដែល Ibrahimovic ស្ថិតនៅកៅអីបម្រុងប៉ុណ្ណោះ ៕

ដោយ៖ភារៈ


ចែករំលែក៖