ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញបានចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ជុំវិញករណីក្រុមចោរដាក់ថ្នាំសម្លាប់សត្វឆ្កែរួចលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្រោយក្រុមនេះធ្វើសកម្មភាពបានសម្រេចរួចគេចខ្លួនបាត់ស្រមោលអស់ ។
ករណីខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោងទៀបភ្លឺថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមសេចក្តីរាយការណ៍ពីអ្នកភូមិឃុំកើតហេតុបានឲ្យដឹងថា ម្ចាស់កើតហេតុទី-១ ឈ្មោះ ផាន់ ចាន់រ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ បានបាត់ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B 1220 ខណៈម៉ូតូចាក់សោដាក់ក្រោមផ្ទះហើយម្ចាស់ដេកលើផ្ទះ ។
សេចក្តីរាយការណ៍ដដែលបន្តទៀតថា ឯម្ចាស់ផ្ទះកើតហេតុទី-២ ឈ្មោះ ភឹម ភឿន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ត្រូវក្រុមចោរបានធ្វើសកម្មភាពកាត់សោទ្វារបន្ទប់ចំនួន២ ដោយបន្សល់នូវសាច់គោសង្ស័យមានសារធាតុពុល និងងាប់សត្វឆ្កែ១ក្បាល បាត់លុយចំនួន១,០៣០,០០០រៀល(មួយលានបីមុឺនរៀលគាត់)និងទូរស័ព្ទចំនួន១គ្រឿង ។
ប្រភពរាយការណ៍បញ្ជាក់ទៀតថា ករណីចោរកម្មដាក់ថ្នាំបំពុលសត្វឆ្កែលួចទ្រព្យសម្បត្តិខាងលើ ជនរងគ្រោះជាម្ចាស់ផ្ទះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាល ដើម្បីជួយអន្តរាគមន៍ឬជួយស្រាវជ្រាវរួចហើយ។តែករណីខាងលើនេះ សមត្ថកិច្ចអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋមានការប្រយ័ត្ន ព្រោះក្រុមចោរបានចេញធ្វើសកម្មភាពទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈនាពេលកន្លងមកនេះ ៕
ដោយ៖ បុឹម ពិន