ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងមួយ ឲ្យផ្អាកអាជីវកម្ម ក្លឹបកម្សាន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាដិន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ក្នុងសហគមន៍

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២១ រដ្ឋបាលសាលាខេត្តព្រះវិហារសូមជម្រាបជូនលោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ឲ្យបានជ្រាបថា , នាពេលថ្មីៗនេះ នៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួនបាន និងកំពុងឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលកំពុងតែឆ្លងរីករាលដាលជាបន្តបន្ទាប់ សូមធ្វើការណែនាំដល់លោកអភិបាល និង លោកប្រធានមន្ទីរចុះអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម ៖

១. ចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ទីស្តូតែក និងបៀរហ្គាឌិន ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្នរហូតដល់ ស្ថានភាពនៃការ រីករាលដាលមានការធូស្បើយឡើងវិញ និងមានការជូនដំណឹងជាថ្មី ។

២. ត្រូវចុះពិនិត្យ និងតាមដានគ្រប់ទីតាំងជាប្រចាំ ក្នុងករណីដែលម្ចាស់អាជីវកម្មណាមួយមិន អនុវត្តតាមការណែនាំ ត្រូវចាត់វិធានការ បិទអាជីវកម្មតែម្តង ៕

ដោយ៖ សិលា


ចែករំលែក៖