ភ្នំពេញ ៖ បន្ទាប់ពីមានបណ្ដាញសារព័ត៌មានមួយចំនួនបានដកស្រង់យកទៅចុះផ្សាយអំពីចំនួនសត្វទន្សោង ដែលអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS Cambodia) បានផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «យោងតាមទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៤.០០០ក្បាល នៅលើពិភពលោក » ។
អង្គការ WCS សូមធ្វើការបញ្ជាក់ថាខ្លឹមសារ ដើមដែលបានផ្សាយនៅលើហ្វេសប៊ុករបស់អង្គការ WCS មិនបានបញ្ជាក់ច្បាស់ថា ចំនួននេះគឺជាប៉ាន់ស្មាននៅទូទាំងពិភពលោកទេ ហើយសារព័ត៌មានមួយចំនួនបានរាយការណ៍បន្តថា ជាចំនួនសត្វទន្សោងប៉ាន់ស្មាននៅទូទាំងប្រទេសកម្ពុជា។
ហេីយក៏ពុំមានតួលេខប៉ាន់ស្មានផ្លូវការលើចំនួនសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជាទេ ក៏ប៉ុន្តែ យោងតាមទិន្នន័យអង្កេតតាមដាននៅតាមតំបន់ជាច្រើនដែលសត្វប្រភេទនេះរស់នៅនិងទិន្នន័យពីអង្គការអភិរក្សផ្សេងទៀត បានបង្ហាញថាចំនួនសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១.៥០០ក្បាល។ ទោះបីជាចំនួនសត្វទន្សោងនៅក្នុងប្រទេសកម្ពុជាបានថយចុះគួរឱ្យបារម្ភចាប់តាំងពីឆ្នាំ ២០១០ មកក្តី ក៏ សត្វទន្សោងរបស់កម្ពុជានៅតែមានចំនួនច្រើនជាងគេ បើធៀបទៅនឹងចំនួនសត្វទន្សោងនៅក្នុងប្រទេសដទៃទៀតនៅទូទាំងពិភពលោក។
យើងត្រូវការ ការគាំទ្រនិងខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន រដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលនានាដើម្បីធានាថាប្រភេទសត្វដ៏សំខាន់នេះនឹងមិនបាត់បង់ពីប្រទេសកម្ពុជាទេ។
អង្គការ WCS សង្ឃឹមថា អង្គភាពសារព័ត៌មានដែលបានរាយការណ៍អំពីតួលេខនេះកន្លងមក នឹងធ្វើបច្ចុប្បន្នភាពអត្ថបទរបស់ខ្លួន តាមខ្លឹមសារដែលយើងខ្ញុំបានធ្វើបច្ចុប្បន្នភាពជូនថ្ងៃនេះ៕
ដោយ៖ សហការី