ស្ថានភាពកូវីដ-១៩ នៅលើពិភពលោកមានសញ្ញាល្អប្រសើរ ដោយចំនួនអ្នកឆ្លងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ។ ចំណែកអ្នកជាសះស្បើយពីជំងឺក៏បានកើនឡើងខ្ពស់ផងដែរនៅក្នុងប្រទេសជាច្រើន។
តាមគេហទំព័រ Worldometers គិតត្រឹមព្រឹកថ្ង៊ៃទី២៧ខែកុម្ភៈ វីរុសកូវីដ-១៩ បានឆ្លងរាលដាលដល់ប្រទេសនិងតំបន់ចំនួន២១៩ ឆ្លងរាលដាលដល់មនុស្ស ជិត១១៤លាននាក់ និងស្លាប់ជាង២,៥លាននាក់ ។ ទន្ទឹមនឹងនោះ ក៏មានពលរដ្ឋជាង៨៩,៥% ជាសះស្បើយពីជំងឺ ស្មើនិង ៧៨,៦%។
អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកឆ្លងសរុបជាង ២៩,១លាននាក់ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ៥២២.៧០៥នាក់ ។ ប៉ុន្តែពេលនេះសង្គ្រាមប្រឆាំងកូវីដ-១៩នៅអាមេរិកបានឃើញពន្លឺនៃជ័យជម្នះបន្តិចម្តងៗហើយ ខណៈ៣សប្តាហ៍ចុងក្រោយនេះមានករណីឆ្លងជាមធ្យមធ្លាក់ក្រោម ១សែននាក់ក្នុងមួយថ្ងៃ ។ ចំនួនពលរដ្ឋចូលមន្ទីរពេទ្យដោយសារកូវីដ-១៩ ក៏បានថយចុះផងដែរ ។
នៅពេលនេះដែរអាមេរិក បង្កើនសកម្មភាពចាក់វ៉ាក់សាំងឲ្យបានលឿនបំផុតដល់ពលរដ្ឋទើបអាចគ្រប់គ្រងការឆ្លងរាលដាលបានល្អបំផុត ។ ជាមួយគ្នានេះនាយកដ្ឋានចំណីអាហារនិងឱសថអាមេរិក FDA នៅថ្ងៃទី ២៦ខែកុម្ភៈ(ពេលវេលាអាមេរិក) បានសម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ តែមួយម្ជុលប៉ុណ្ណោះ ផលិតដោយក្រុមហ៊ុន Johnson & Johnson ។ ក្រុមគ្រូពេទ្យឯកទេសបញ្ជាក់ថា ការចាក់មួយម្ជុលក៏អាចជួយទប់ស្កាត់ការឆ្លងបានល្អផងដែរសម្រាប់ពលរដ្ឋ ដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅ។
មកទល់ពេលនេះអាមេរិកបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង៥០លានដូសហើយ ដែលជាកត្តាសំខាន់បំផុតជួយទប់ស្កាត់ការឆ្លងរាលដាល ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ នៅក្នុងសប្តាហ៍ក្រោយ នឹងមានការចែកចាយវ៉ាក់សាំងយ៉ាងតិច៤លានដូសជាបន្តទៀត៕ ដោយ៖ ធីរីណា
រូបភាព៖AP