ខេត្តកំពង់ចាម ៖ នៅម៉ោង១២ ៖ ៤០នាទី នាថ្ងៃទី២៧ខែកុម្ភៈ២០២១ មានអគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់ មានទំហំប្រហែល ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ មួយកន្លែង ដែលមានទីតាំងទល់មុខរោងចក្រក្ដារបន្ទះ ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ឃ្លាំងនិងសម្ភារៈ មានឈ្មោះ រ៉ា វុធ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងតាមប្រភពព័ត៌មានបានរាយការណ៍មកថា ក្នុងឃ្លាំងអាចមានសាច់ក្រណាត់ចំនួនប្រហែល ៤០០តោន និងមានផ្ទះប្រជាពលរដ្ឋជាច្រើននៅជិតផងដែរ ។
សមត្ថកិច្ចបានអោយដឹងបន្តថា ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ស្នងការបានបញ្ជា ចេញរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង មាន (រថយន្តពន្លត់អគ្គិភ័យខេត្ត ៣គ្រឿង, ស្រុកកំពង់សៀម ១គ្រឿង, ព្រៃឈរ ២គ្រឿង, បាធាយ ១គ្រឿង, ជើងព្រៃ ១គ្រឿង, កងមាស ១គ្រឿង , ស្ទឹងត្រង់ ១គ្រឿង និងចំការលើ ១គ្រឿង) ចេញអន្តរាគមន៍ជាបន្ទាន់ ។
កិច្ចប្រតិបត្តិការ ចំណាយអស់រយៈពេលជាង ៦ម៉ោង ទើបសមត្ថកិច្ចយើងខ្ញុំអាចគ្រប់គ្រងស្ថានការណ៍បាន ដោយគិតចាប់ពីម៉ោងកើតហេតុ រហូតដល់ម៉ោង ១៩ ៖ ២០នាទីយប់ ទើបអគ្គិភ័យរលត់បានទាំងស្រុង និងពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះឡើយ។ កិច្ចប្រតិបត្តិការនេះ ត្រូវបានដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់ លោក អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម, ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម, កម្លាំងជំនាញផែនបង្ការ និងពន្លត់អគ្គិភ័យ ដែលដឹកនាំដោយស្នងការរងទទួលផែន, កម្លាំងអន្តរាគមន៍ខេត្ត ដឹកនាំដោយស្នងការរទទួលបន្ទុក, កម្លាំងប្រចាំបញ្ជាដឹកនាំស្នងការរងដឹកនាំវេនប្រចាំបញ្ជា កម្លាំងចរាចរណ៍ខេត្ត-ស្រុក និងកម្លាំងអគ្គិភ័យ ដែលអមរថយន្តអគ្គិភ័យពីបណ្ដាស្រុកទាំង៧, កម្លាំកងរាជអាវុធហត្ថ, កម្លាំងសឹករងស្រុក កម្លាំងប៉ុស្ដិ កម្លាំងប្រជាការពារសរុបទាំងអស់ចំនួនប្រមាណ ១៥០នាក់ដោយប្រើប្រាស់អស់ទឹកចំនួន ៩៩ស៊ឺទែន ស្មើនឹង ៤៩៥ម៉ែត្រគូប។
សមត្ថកិច្ចក៏បានបញ្ជាក់ដែរថា ទំហំការខូចខាតដែលបណ្ដាលមកពីអគ្គិភ័យនេះមាន ឡេវ៉ាល់ទ័រ ១គ្រឿង, ឃ្លាំងមានទំហំ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និងកំទេចសាច់ក្រណាត់ទំងន់ ៤០០តោន គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ និងសម្ភារៈមួយចំនួនទៀត ។
សមត្ថកិច្ចបានអោយដឹងដែរថា មូលហេតុកើតអគ្គិភ័យ គឺបណ្ដាលមកពីភ្លើងព្រៃ ឆេះរាលដាល ៕
ដោយ៖វណ្ណៈ