ព័ត៌មានទាន់ហេតុការណ៍៖

ស៊យមែន!! យុវជនបីនាក់ត្រូវក្មេងទំនើងមួយក្រុមជិះម៉ូតូដេញកាប់បណ្ដាលឲ្យរងរបួស២នាក់​ រួចភ័យពេកផ្តួលម៉ូតូចោលរត់ទៅចូលផ្ទះប្រជាពលរដ្ឋត្រូវម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

        ភ្នំពេញ​ ៖​ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងត្រូវក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ ៣គ្រឿងប្រដាប់ដោយដាវនិងដំបងដេញវាយនិងកាប់បណ្ដាលឲ្យភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវម្ចាស់ផ្ទះចាប់ឃាត់ខ្លួនដោយចោតថាប៉ុនប៉ងលួចព្រទ្យសម្បត្តិរួចប្រគល់ជូនសមត្ថកិច្ច បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ ជាអ្នកបើកម៉ូតូមានឈ្មោះរ័ត្ន ថាត់ អាយុ ១៣ ឆ្នាំមុខរបរជួយលក់ដូរម្តាយ ស្នាក់នៅក្នុងរោងសំណង់ក្នុងបុរី ឌីអ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិចារ ឃុំអន្លង់រុនស្រុកថ្មគោល ខេត្តបាត់ដំបង បានរងរបួសជើងម្ខាង។

ទី២- រ័ត្ន ថា ភេទប្រុសអាយុជិត២០ឆ្នាំ មុខរបរខាងជាងឈើ រងរបួសដៃម្ខាង។

ទី៣- មានឈ្មោះ ញុញ​ ភេទប្រុស មុខរបរជាងឈើ មិនមានរងរបួស។

      តាមការរៀបរាប់ពីស្ត្រីម្នាក់ដែលអះអាងថាជាម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុឈ្មោះ រ័ត្ន ថាត់ ជាកូនរបស់គាត់  បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BK-1571 ទៅយកបងម្នាក់និងមិត្តភក្ដិម្នាក់ទៀតនៅឯម្ដុំផ្សារត្រពាំងថ្លឹង រួចធ្វើដំណើរមកវិញ តាមបណ្ដោយផ្លូវបេតុងទួលពង្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខវត្តកំពែង ក៏ប្រទះនឹងក្មេងទំនើងមួយក្រុមជិះម៉ូតូ៣គ្រឿងម៉ាកឌ្រីមសង់ មិនចាំស្លាកលេខ ប្រដាប់ដោយដំបងនិងដាវមួយដើមបានជិះដេញកាប់និងវាយរហូតមកដល់ចំណុចកើតហេតុខាងលើធ្វើឲ្យពួកគេភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់យករួចខ្លួន ទៅចូលក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវម្ចាស់ផ្ទះធ្វើការឃាត់ខ្លួនដោយចោតថាប៉ុនប៉ងលួចទ្រព្យសម្បត្តិ រួចក៏នាំគ្នាធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។ចំណែកជនបង្កនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំជនរងគ្រោះទាំង ៣នាក់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកជនបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ចំណែកម្ចាស់ផ្ទះមិនបានប្ដឹងផ្ដល់អ្វីនោះទេ សូមឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖