នៅល្ងាចថ្ងៃទី ២៨ខែកុម្ភៈ តាមតួលេខរបស់ក្រសួងសុខាភិបាល វៀតណាមបានប្រកាសឲ្យដឹងថា បានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន១៦នាក់ ក្នុងនោះមាន ១២នាក់នៅក្នុងខេត្តហាយយឿង និង៣នាក់នៅខេត្ត តីនិញជាអ្នកនាំចូល និងនៅខេត្តដុងថាម ម្នាក់។
មកដល់វេលាម៉ោង ១៨ ថ្ងៃទី ២៨ខែកុម្ភៈ វៀតណាម មានករណីឆ្លងកូវីដ-១៩ សរុប ១៥៤២នាក់ ឆ្លងក្នុងសហគមន៍ ក្នុងនោះគិតពីថ្ងៃទី ២៧ខែមករាមក មានដល់ទៅ ៨៤៩នាក់ ។ ខេត្តហាយយឿងមានអ្នកឆ្លងច្រើនជាងគេ គឺមានដល់ទៅ៦៦៥នាក់ ។
នៅពេលនេះ ចំនួនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ក្នុងប្រទេសវៀតណាម មានដល់ទៅ ៦៣.០៥៤ នាក់ ក្នុងនោះ ធ្វើចត្តាឡីស័កក្នុងផ្ទះមាន ជាង ៥០ពាន់នាក់ ។
ដោយឡែកនៅក្នុងប្រទេសថៃវិញ ក៏មានករណីឆ្លងនៅក្នុងសហគមន៍ចំនួន៧០នាក់នៅថ្ងៃទី ២៨ខែកុម្ភៈ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសថៃកើនឡើងដល់ទៅ ជាង ២៥ពាន់នាក់និងស្លាប់ ៨៣នាក់ ។ នៅពេលនេះថៃបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ទិញមកពីប្រទេសចិន។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រទេសថៃ នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19ហើយ ដោយគណៈរដ្ឋមន្ត្រី មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្ថិតនៅក្នុងចំណោមអ្នកតម្រង់ជួរចាក់វ៉ាក់សាំងដូសដំបូងមុនគេ។
ដូសដំបូងនៃវ៉ាក់សាំងអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac Biotech ត្រូវបានចាក់ជូនឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសុខាភិបាលថៃ លោក អានុធីន ឆានវីរៈគូល (Anutin Charnvirakul) និងមនុស្សជាច្រើនទៀត នៅឯវិទ្យាស្ថានគ្រប់គ្រងជំងឺឆ្លងមួយនៅឯជាយទីក្រុងបាងកក។ នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ក៏បានចូលរួម ក្នុងព្រឹត្តិការណ៍ដែរ ប៉ុន្តែលោកមិនបានទទួលការចាក់វ៉ាក់សាំងនោះទេ ដោយសារតែមានវ័យ៦៦ឆ្នាំដែលមិនស័ក្តិសមចាក់វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ដែលមានប្រសិទ្ធភាពចំពោះអ្នកមានវ័យពី១៨ ដល់៥៩ឆ្នាំ។ ថៃបានទទួលបានវ៉ាក់សាំង ២០០,០០០ដូសពីក្រុមហ៊ុន Sinovac និងនាំចូលវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ១១៧,០០០ដូស នៅក្នុងសប្ដាហ៍នេះ៕ ដោយ៖ធីរីណា
រូបភាព៖suckhoedoisong
រូបភាព៖xinhua