ភ្នំពេញ៖ បើតាមការឲ្យដឹងពីលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលធ្លាប់ចូលផ្សារម៉ាក្រូ នៅខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ទៅយកសំណាកដើម្បីធ្វើតេស្ដ ព្រោះក្រសួងរកឃើញថា មានអ្នកធ្លាប់ចូលផ្សារនេះ នៅថ្ងៃទី២០ ខែកុម្ភៈ កើតជំងឺកូវីដ-១៩។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានទទួលព័ត៌មានពីអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ថា មានជនបរទេសម្នាក់ កើតជំងឺកូវីដ-១៩ ហើយបានទៅផ្សារទំនើបម៉ាក្រូ កាលល្ងាចពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ប្រជាពលរដ្ឋដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភៈ ចន្លោះម៉ោង៥ល្ងាច ទៅម៉ោង៦ល្ងាច សូមទៅធ្វើតេស្តនៅទីតាំង ដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល រាជធានី-ខេត្ត មានស្រាប់។ ដោយឡែក ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ហើយព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៨២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ៣៤៣នាក់កំពុងទទួលការព្យាបាល៕ដោយ៖ស តារា