ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់អំពីករណីពិនិត្យសំណាករបស់ជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់​ចាម និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ រដ្ឋបាលខេត្តកំពង់ចាមដោយយោងតាមការ​បញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១​សូមប្រកាសថា​ សំណាករបស់ជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម ចំនួន៥៥នាក់ និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ចំនួន២៩២នាក់ មានលទ្ធផលអវិជ្ជមានកូវីដ-១៩។

ដោយផ្អែកលើលទ្ធផលនេះ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ​ ក្រុងកំពង់ចាម ដែលមានការសង្ស័យចំនួន៥៥នាក់ ឱ្យវិលត្រឡប់ទៅបំពេញការងារតាមធម្មតាវិញ។

 សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ក្នុងមង្គលការនៅភូមិកោះតូច ឃុំពាមជីកងស្រុកកងមាស ត្រូវបន្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងនៅតាមលំនៅដ្ឋានដើម្បីពិនិត្យសំណាកលើកទី២ មុននឹងអនុញ្ញាតិឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងមង្គលការនៅភូមិកោះតូច ឃុំពាមជីកង បន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ប្រកាន់ខ្ជាប់នូវវិធានការអនាម័យ និងអនុវត្តវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ «៣កុំ​ និង៣ការពារ»​ ៕

ដោយ៖វណ្ណៈ


ចែករំលែក៖