ស្ថាប័នប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 បានបដិសេធការផ្តល់ជូនពីប្រទេសបារ៉ែនដើម្បីចាក់វ៉ាក់សាំងដល់បុគ្គលិកទាំងអស់ដែលចូលរួមក្នុងការធ្វើតេស្តមុនរដូវកាល និងការប្រកួតពានរង្វាន់ធំប្រចាំឆ្នាំ(Bahrain Grand Prix)។
ប្រទេសបារ៉ែនបានចេញសេចក្តីជូនដំណឹងមួយថា សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនដែលវាត្រូវបានពង្រីកដល់ព្រឹត្តិការណ៍នានានៅក្នុងប្រទេស។
អ្នកនាំពាក្យរបស់ Formula 1បាននិយាយថា កីឡានេះមិនមានផែនការត្រូវចាក់វ៉ាក់សាំងនោះទេ ខណៈដែលក្រុមមួយឈានមុខគេលើការចាក់វ៉ាក់សាំងតាមរយៈប្រព័ន្ធសុខាភិបាលនៅចក្រភពអង់គ្លេស។ ក្រុម Formula 1 ត្រូវបានគេរំពឹងថា នឹងឆ្លើយតបទៅនឹងការផ្តល់ជូនតាមការស្នើរបស់បារ៉ែន។
បច្ចុប្បន្ន Formula 1 មានមូលដ្ឋាននៅចក្រភពអង់គ្លេស ការិយាល័យកណ្តាលរបស់ខ្លួនស្ថិតនៅក្នុងទីក្រុងឡុងហើយក្រុមចំនួន៨ក្នុងចំនោម១០ក្រុមស្ថិតនៅក្នុងប្រទេសអង់គ្លេស ឬមានផ្នែកខ្លះនៃទីតាំងរបស់ពួកគេនៅទីនោះ។
ការផ្តល់ជូនរបស់បារ៉ែនដែលជាការស្ម័គ្រចិត្តគឺសំរាប់បុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយរបស់ Formula 1ដែលបានចូលរួមក្នុងការសាកល្បងមុនរដូវកាលនៅថ្ងៃទី១២-១៤ ខែមីនា និងការបើករដូវកាល Grand Prix នៅពីរសប្តាហ៍ក្រោយមក។
ក្នុងលិខិតមួយដែលប្រទេសបារ៉ែនបានចេញសេចក្តីជូនដំណឹងថាដោយសារតែពេលវេលានៃព្រឹត្តិការណ៍ Formula 1 ឆ្នាំនេះរួមទាំងការធ្វើតេស្តអ្នកចូលរួមភាគច្រើននឹងមានវត្តមាននៅបារ៉ែនសម្រាប់រយៈពេល៣សប្តាហ៍មុនការប្រណាំង។ ជាលទ្ធផលនេះផ្តល់នូវឱកាសពិសេសមួយដើម្បីផ្តល់ការការពារបន្ថែមសម្រាប់អ្នកដែលមានបំណងចង់ចាក់វ៉ាក់សាំង។ វ៉ាក់សាំងដែលត្រូវបានផ្តល់ជូនគឺវ៉ាក់សាំង Pfizer-BioNTech ត្រូវចាក់២ដង ដែលបារ៉ែនបានអះអាងថានឹងត្រូវប្រើរយៈពេល២១ថ្ងៃដាច់ពីគ្នាក្នុងការចាក់លើកទី១ និងលើកទី២ ៕ដោយ៖ ភារៈ