ព័ត៌មានទាន់ហេតុការណ៍៖

ចិនកំណត់គោលដៅ ចាក់វ៉ាក់សាំងជូនពលរដ្ឋ៤០% នៅចុងខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

បច្ចុប្បន្ន ចំនួនវ៉ាក់សាំង ដែនបានចាក់នៅក្នុងប្រទេសចិនគិតជាភាគរយ គឺតិចជាងចំនួនភាគរយ ប្រទេសអុីស្រាអែល អារ៉ាប់រួម និងអាមេរិក។
នៅថ្ងៃទី ២ខែមីនា អ្នកឯកទេសស្តីពីគោលនយោបាយទប់ស្កាត់កូវីដ-១៩ របស់ចិន បានឲ្យដឹងថា ចិនបានកំណត់គោលដៅ ចាក់ជូនពលរដ្ឋ ៤០ភាគរយ នៃពលរដ្ឋសរុប គិតត្រឹម ចុងខែមិថុនាឆ្នាំ២០២១។ ជាមួយគ្នានេះចិន ក៏បានបង្កើន សកម្មភាពផលិតវ៉ាក់សាំង ផងដែរ។
ចិនជាប្រទេសដំបូងគេឆ្លងកូវីដ-១៩ ដោយផ្ទុះចេញពីទីក្រុងវូហាន ប៉ុន្តែចិនទប់ស្កាត់បានយ៉ាងល្អ ដោយសារតែការអនុម័តច្បាប់ គម្លាតសង្គមតឹងតែងបំផុត។ ជាមួយគ្នានេះចិនក៏បានចាក់វ៉ាក់សាំង ជូន កម្លាំងជួរមុខ ទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍។
បើទោះបីឆ្លងមុនគេតែមកទល់ពេលនេះចិន មានអ្នកឆ្លងតែជាង ៨៩ពាន់នាក់ប៉ុណ្ណោះ និងស្លាប់ ៤៦៣៦នាក់ ស្ថិតនៅលំដាប់ទី៨៥ ក្នុងតារាងប្រទេសមានអ្នកឆ្លងកូវីដ-១៩ ជាង២០០ប្រទេសនិងដែនដីនៅលើពិភពលោក ។
ចំណែកអ្នកឆ្លងនៅលើពិភពលោកវិញគិតត្រឹម ម៉ោង ១៩ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២១ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១១៥,០៧០,៧០៤នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២,៥៥២,១២០នាក់បានស្លាប់បាត់បង់ជីវិត និង ៩០,៧៩២,៨០៣នាក់ផ្សេងទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕

ដោយ៖ធីរីណា(រូបភាព៖ THX/TTXVN)

 


ចែករំលែក៖