ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី២ខែមីនា ឆ្នាំ២០២១លោក ឌុច សុគន្ធ អនុប្រធាននាយកដ្ឋានឧបត្ថម្ភនិងសង្គ្រោះប្រជារាស្រ្ត និងលោក ភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំបានអញ្ជើញបើកការដ្ឋានជីកស្រះទឹកដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ស្ថិតនៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារមន្រ្តីសម្ដេចឪព្រះបរមរាជវាំង លោក លោកស្រីក្រុមប្រឹក្សាឃុំ មេភូមិនិងប្រជាពលរដ្ឋសរុប១២៩នាក់ក្នុងនោះមានស្រី៨៣នាក់ផងដែរ។
លោក ភោគ វណ្ណថន មេឃុំក្រោលគោស្រុកស្វាយជ្រំបានឱ្យដឹងថា ស្រះទឹកសហគមន៍ស្ថិតក្នុងភូមិបន្លាស្អិតដែល
ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់គឺមាន
ទទឹង៤០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ។
លោកបន្តថា ក្រោមការយកចិត្តទុក្ខដាក់គាំទ្រនិងលើកទឹកចិត្តពីសំណាក់លោក សូរ សូច័ន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំក្រោលគោនិងលោកហុឹម កុសល អនុប្រធានក្រុមការងារក៏ដូចជាអស់លោកក្រុមការងារថ្នាក់ខេត្តតែងតែជួយឧបត្ថម្ភជាសម្ភារនិងថវិកាផ្ទាល់ខ្លួនចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅឃុំក្រោលគោ ស្រុកស្វាយជ្រំនេះផងដែរ។
លោកភោគ វណ្ណថន ក៏បានផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច ពិសេសលោកក៏បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រមា ឬម៉ាស់ នៅពេលក្អក ឬកណ្តាស់ នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា។ដូច្នេះហើយគឺយើងត្រូវចូលរួមទាំងអស់គ្នាបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដូចជាពិនិត្យការអនុវត្តលើវិធានការបន្ថែមក្នុងកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងដោយប៉ុន្មានថ្ងៃនេះមានការឆ្លងរាលដាលនៅក្នុងសហគមន៍ជាចង្កោមនិងរាយប៉ាយក្នុងរាជធានីភ្នំពេញផងដែរ។
បន្ទាប់មកលោកក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាព្រមទាំងទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនផងដែរ៕
ដោយ៖យឹម សុថាន