ដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងទឹកដីអាមេរិក សេតវិមានបានសម្រេច កាលពីថ្ងៃទី២ខែមីនា (ពេលវេលាអាមេរិក) ក្នុងការបង្កើនការចែកចាយវ៉ាក់សាំង រហូតដល់១៥លានដូសក្នុងមួយសប្តាហ៍ ដើម្បីបង្កើនាការចាក់ជូនពលរដ្ឋឲ្យបានច្រើនទើបគ្រប់គ្រងការឆ្លងបានល្អ។
លោកស្រី Jen Psaki លេខា ព័ត៌មានសេតវិមាន បានប្រកាសថា ការសម្រេចខាងលើ ក្រោយកិច្ចប្រជុំជាមួយក្រុមទទួលបន្ទុកទប់ស្កាត់កូវីដ-១៩ របស់សេតវិមាន បានសម្រេចបង្កើនចំនួនវ៉ាក់សាំង ។ ក្រៅពីនេះបណ្តារដ្ឋមួយចំនួនក៏ទទួលបានវ៉ាក់សាំងបន្ថែមពីក្រុងហ៊ុនJohnson & Johnson ចំនួន ២,៨លានដូសផងដែរក្នុងមួយសប្តាហ៍។
ជាមួយគ្នានោះដែរ ប្រធានាធិបតីបៃឌិន បានស្នើដល់ក្រុមហ៊ុនផលិតវ៉ាក់សាំង Merck ជួយផលិតវ៉ាក់សាំងបន្ថែមរបស់ក្រុមហ៊ុនJohnson & Johnson ដែលរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានអនុម័តជាវ៉ាក់សាំងទី៣ប្រើប្រាស់នៅលើទឹកដីអាមេរិក។
រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនសង្ឃឹមថា ការបង្កើនចាក់វ៉ាក់សាំង នឹងជួយទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩ ក្នុងទឹកដីអាមេរិកបានយ៉ាងល្អបំផុត ។ រដ្ឋាភិបាលសង្ឃឹមថា ការបង្កើនចំនួនវ៉ាក់សាំង នោះ នឹងគ្រប់គ្រាន់សម្រាប់ពលរដ្ឋអាមេរិក នៅក្នុងខែកក្កដាឆ្នាំ២០២១។
គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១៥,២៨៣,៤៧៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៥៥៩,២៧០នាក់ និងជាសះស្បើយឡើងវិញ ៩១,០៩៤,៧៦១នាក់។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៩,៣៧០,៧០៥នាក់ ស្លាប់ចំនួន ៥២៩,២១៤នាក់ និងជាសះស្បើយចំនួន ១៩,៩០៥,៣២២នាក់៕
ដោយ៖ ធីរីណា(រូបភាព៖ AP)