ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត និងលោក សុខ ពុទ្ធិវុធ កូនប្រុសបង្កើត និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm ជាលើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ។
ដោយឡែកសម្រាប់ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន វិញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm លើកទី១ នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក្លាយជាអ្នកដំបូងគេ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈកូនប្រុស និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ផ្សេងទៀត ក៏បានចាក់នៅថ្ងៃនោះដែរ លើកលែកតែលោក ហ៊ុន ម៉ានី ពេលនោះផ្តាសាយធំ ក្រុមគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ឡើយ ទើបតែចាក់លើកទី១ នៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១នេះ៕
ដោយ៖ សូរិយា