ភ្នំពេញ៖ ពិធីការិនី គឺជាបុគ្គលដែលមាន ចំណេះដឹង និងភាពបត់បែនទៅតាមស្ថានការណ៍ពិតជាសំខាន់ ខណៈដែលរូបសម្រស់ក៏ត្រូវបានក្លាយជាចំណុចទាក់ទាញបន្ថែមផងដែរ ។ អ្វីដែលពិសេសគឺការប្រើប្រាស់ភាសាអង់គ្លេសដែលជាមធ្យោបាយទំនាក់ទំនង និងការនិយាយជាសាធារណៈពិតជាសំខាន់សម្រាប់ការងារជាពិធីការិនីអាជីព និងលេចធ្លោឆក់បានការគាំទ្រនិងទីផ្សារខ្ពស់។ ខាងក្រោមនេះគឺជាពិធីការិនី៥រូបដែលពុំមែនមានតែសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែការប្រើប្រាស់ភាសារអង់គ្លេសរបស់គាត់ក៏ទទួលបានការពេញចិត្តខ្លាំងពីមហាជន។
ទី១-កញ្ញា វីតវីត ជាពិធីការិនីសម្តីផ្អែមស្រទន់កញ្ញា វីត វីត នៅតែបន្តរក្សាប្រជាប្រិយភាពរបស់នាងបានយ៉ាងល្អ។ អតីតជាអ្នកបង្ហាញម៉ូតរូបនេះក៏ធ្លាប់បានធ្វើឲ្យទស្សនិកជនកោតសរសើរមិនដាច់ពីមាត់អំពីការប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការបានយ៉ាងល្អ ពិសេសក្នុងកម្មវិធីនានាដែលត្រូវបានរៀបចំឡើយដោយក្រុមហ៊ុនធំៗនៅកម្ពុជា៕
ទី២- អ្នកនាង ខៀវ សានសាណា ជាអតីតនិស្សិតចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញប្រព័ន្ធផ្សព្វផ្សាយ ពិធីការិនីរូបនេះទទួលបានការគាំទ្រខ្លាំងក្នុងអាជីពជាង១០ឆ្នាំកន្លងមកហើយ។ ការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញបានធ្វើឱ្យទីផ្សារការងាររបស់នាងនៅតែរក្សាបាន។ កម្មវិធីទ្រង់ទ្រាយធំតូចផ្លូវការដែលមានភ្ញៀវអន្តរជាតិចូលរួមនាងបានក្លាយជាជម្រើស១ក្នុងចំណោមជម្រើសពិធីការិនីល្បីនៅកម្ពុជា។
ទី៣- កញ្ញា ហេង កែវនីតា ជាពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលអាចនិយាយភាសាអង់គ្លេសបានល្អនិងគួរឲ្យចង់ស្តាប់។កន្លងទៅថ្មីៗនេះនាងបានលេចមុខក្នុងកម្មវិធីប្រកួត Miss Universe Cambodia ២០២០ ជាអ្នកបកប្រែភាសាអង់គ្លេស។ ក្រៅពីការងារជាពិធីការិនីនៅលើកញ្ចក់ទូរទស្សន៍ គេក៏តែងឃើញនាងបម្រើការងារជាពិធីការនីក្នុងកម្មវិធីនានាដែលមានភ្ញៀវអន្តរជាតិចូលរួម។
ទី៤- កញ្ញា ជីមមី ជាពិធីការិនីមានរូបរាងរាវច្រឡឹងគួរឲ្យខ្នាញ់ ជាមួយនឹងអត្តចរិកបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់នាងទទួលបានប្រជាប្រិយយ៉ាងឆាប់រហ័ស ដែលក្នុងកម្មវិធីធំៗត្រូវបានគេសំឡឹងឃើញថា នាងអាចឆក់បានការចាប់អារម្មណ៍ខ្ពស់។ ការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អរបស់នាងបានធ្វើអ្នកគាំទ្រនាងកាលពីឆ្នាំមុននោះស្នើឲ្យពិធីការិនីរូបនេះដាក់ពាក្យចូលរួមប្រកួតសម្រស់អន្តរជាតិ ដែលគេរំពឹងថានាងនឹងក្លាយជាបេក្ខនារីតំណាងឲ្យកម្ពុជាចេញទៅប្រកួតសម្រស់លើឆាកអន្តរជាតិ។ ក្រៅពីភាសាអង់គ្លេសគេក៏ដឹងដែរថា នាងអាចប្រើប្រាស់ភាសាថៃបានយ៉ាងល្អ និងភាសាចិនបានមួយចំនួនផងដែរ។
ទី៥- ឌីជេណាណា អ្នកម្តាយកូនមួយរូបនេះឆក់បានការគាំទ្រខ្លាំងពីទស្សនិកជនដែលមិនត្រឹមតែជាពិធីការិនីទេ ការប្រើប្រាស់ពាក្យពេជន៍អប់រំក៏បានបង្កប់ទៅតាមខ្លឹមសារស៊ីជម្រៅ និងចាក់ចំបេះដូងទស្សនិកជនពិសេសនារីជាច្រើន។ អ្នកនាងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អគួរឲ្យចាប់អារម្មណ៍ ហើយមិនចម្លែកទេដែល នាងមានមុខនៅក្នុងកម្មវិធីទ្រង់ទ្រាយធំៗជាច្រើននោះ។
ទោះជាយ៉ាងណាក៏មានពិធីការិនីមួយចំនួនទៀតដែលមានទេពកោសល្យនិងសមត្ថភាព និងចំណេះដឹងគួរឲ្យទាក់ទាញផងដែរ៕
ដោយ៖ វឌ្ឍនា