ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលទាហាននាយទាហាននៅភូមិភាគ ៤

ចែករំលែក៖

ខេត្តសៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) ជាជំនួយរបស់ប្រទេសចិនជូនដល់ក្រសួងការពារជាតិកម្ពុជា ដែលត្រូវចាក់ជូននាយទាហាន នាយទាហានរង ពលទាហាន និងនគរបាលការពារព្រំដែនគោកប្រចាំការជួរមុខយោធភូមិភាគទី៤ ខេត្តសៀមរាប នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហើបថា៖ «ដល់កម្រិតមួយឃើញថាគ្រប់គ្រាន់ក្នុងម្នាក់២ដូស ឃើញថាគ្រប់គ្រាន់ហើយ ទើបយើងដាក់ជំហានទី២ គឺយើងមានថ្នាំ យើងនឹងពិនិត្យមើលការចាប់ផ្តើមពង្រីកដល់គ្រួសារ (ការចាក់វ៉ាក់សាំងដល់គ្រួសារកងទ័ព) ខ្ញុំបានគិតគូរច្រើនដែលយើងម្នាក់មានប្រពន្ធ ឪពុក ម្តាយ ឪពុកក្មេក ម្តាយក្មេក ដែលមិនស្ថិតនៅក្នុងកងទ័ព ដូច្នេះយើងកំពុងមើលលើកិច្ចការងារនេះ ដែលហាក់ដូចពន្លឺនេះក៏យើងមានសង្ឃឹមច្រើនដែរ»។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឱ្យដឹងថា សម្តេចនឹងពន្លឿនដល់ក្រុមគ្រូពេទ្យដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូននាយទាហាន នាយទាហានរង ពលទាហាន និងកម្លាំងនគរបាលដែលជួរ មុខនៅតាមបន្ទាត់ព្រំដែនឱ្យបានរួចរាល់នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តនៅខែមេសា ឆ្នាំ២០២១ ខាងមុខ នេះផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីបរទេសដើម្បីយកមកចាក់ជូនមន្ត្រីរាជការជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងបុគ្គលអាទិភាពមួយចំនួនដោយឥតគិតថ្លៃ៕

ដោយ៖សូរិយា


ចែករំលែក៖