ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ​តុលាការបារាំង កាត់ទោសលោក សាកូហ្ស៊ី ឲ្យ​ជាប់គុក​៣ឆ្នាំពីបទពុករលួយ​,​ ពេល​នេះ​លោកនឹងប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប

ចែករំលែក៖

អន្តរជាតិ​៖​ លោក នី​កូ​ឡាស់ សា​កូ​ហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង​ បាននិយាយថា «​ខ្ញុំ​មិនអាច​ទទួលយក​ការចោទប្រកាន់​ចំពោះ​អ្វីដែល​ខ្ញុំ​មិនបាន​ធ្វើ​នោះទេ​» ហេីយ​ដើម្បី​ជំទាស់​សាលក្រម​តុលាការ​បារាំង​ដែល​កាត់​ឱ្យ​លោក​ជាប់ពន្ធនាគារ​៣​ឆ្នាំ​ក្នុង​សំណុំរឿង​ពុករលួយ​។ ពេល​នេះ​លោក​អាចនឹងប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប (ECHR)។

ថ្លែង​ប្រាប់​សារព័ត៌​មានបារាំង Le Figaro លោក នី​កូ​ឡាស់ សា​កូ​ហ្ស៊ី មួយថ្ងៃ​ក្រោយ​ ​លោក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ព​ន្ធា​គារ​៣​ឆ្នាំ ចំពោះ​រឿង​សូកប៉ាន់​ចៅក្រម ប្រើប្រាស់​ឥទ្ធិពល​ដើម្បី​បាន​ព័ត៌មាន​ស្តីពី​ការស៊ើបអង្កេត​លើ​រូបលោក​ពាក់ព័ន្ធ​ទៅ​ការបំពានច្បាប់​ហិរញ្ញវត្ថុ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។

អតីត​ប្រធានាធិបតី​បារាំងរូបនេះ​ បានគូសបញ្ជាក់ថា​៖ «​វា​ប្រហែលជា​រឿង​ចាំបាច់​ក្នុង​ការយក​សមរភូមិ​នេះ​ឡើង​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប​»​។ ​លោក​ សា​កូ​ហ្ស៊ី បានសង្កត់ធ្ងន់ថា វា​ជា​រឿង​គួរឱ្យ​ឈឺចាប់​ដែល​បារាំង​ត្រូវបាន​ថ្កោលទោស​។

​សូមជម្រាបថា​ សាលក្រម​កាលពី​ថ្ងៃទី​១ ខែមីនា​ បានលើកឡើងថា បទល្មើស​ដ៏​ធ្ងន់ធ្ងរ ត្រូវបាន​ប្រព្រឹត្ត​ដោយ​អតីត​ប្រធានាធិបតី​ដែលជា​អ្នកធានា​ឯករាជ្យភាព​នៃ​អំណាចតុលាការ​។ ក្រៅតែពី​សំណុំរឿង​ពុករលួយ លោក សា​កូ​ហ្ស៊ី ក៏ត្រូវ​ឡើង​សវនាការ​ជាថ្មី​ម្តងទៀត​នៅ​ចុងខែ​មីនា​ចំពោះ​ការបំពានច្បាប់​ហិរញ្ញវត្ថុ​ស្តីពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​ឆ្នាំ​២០១២​។

អតីត​ប្រធានាធិបតី​បារាំងរូបនេះ​ បន្ថែមទៀតថា​ សាលក្រម​របស់​តុលាការ​ពេញ​ដោយ​ភាព​រញ៉េរញ៉ៃ និង​មិន​សមស្រប ហើយ​មិន​បង្ហាញ​អ្វី​ទាល់តែសោះ ក្រៅតែពី​បណ្តុំ​នៃ​ភស្តុតាង​ប្រយោល​។ សម្រាប់​លោក សា​កូ​ហ្ស៊ី វា​ជា​រឿង​មិនអាច​ទទួលយកបាន​ទាល់តែសោះ ដែល​លោក​ត្រូវបាន​គេ​លួច​ស្តាប់​កិច្ចសន្ទនា​ទូរ​សព្ទ និង​ត្រូវបាន​ឃុំខ្លួន​រយៈពេល​១៥​ម៉ោង​ទៀត​។​

​ដោយឡែក​ជាការ​កត់សម្គាល់​ក្រៅតែពី​លោក សា​កូ​ហ្ស៊ី អតីត​មេដឹកនាំ​បក្ស​អភិរក្សនិយម​បារាំង​ពីររូប​ផ្សេងទៀត​ក៏ត្រូវ​តុលាកា​ចោទប្រកាន់ និង​កាត់ទោស​ផងដែរ​។ លោក​អតីត​ប្រធានាធិបតី Jacque Chirac ត្រូវបាន​តុលាការ​បារាំង​រកឃើញ​ថា មានទោស​ក្នុង​ឆ្នាំ​២០១១ ពីបទ​ពុករលួយ​។ ចំណែក​លោក​អតីត​នាយករដ្ឋមន្ត្រី François Fillon ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ពីបទ​ល្មើស​បន្លំ និង​ប្រើប្រាស់​ថវិកា​មិន​ត្រឹមត្រូវ​។

​គួរបញ្ជាក់ដែរថា​ ជុំវិញបញ្ហាទាក់ទង​ទៅនឹង​អនាគត​នយោបាយ​វិញ លោក​សា​កូ​ហ្ស៊ី​ទទូច​ហើយ​ទទូច​ទៀតថា​លោក នឹងមិន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ឆ្នាំ​២០២២​ឡើយ បើទោះបីជា​មនុស្ស​ក្នុង​បក្ស​សាធារណរដ្ឋ​មួយចំនួន​ចង់ឱ្យ​លោក​ឈរឈ្មោះ​ក្តី​៕ដោយ​៖ស​ តារា​

 

លោក នី​កូ​ឡាស់ សា​កូ​ហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង​

រូបថត​៖AFP


ចែករំលែក៖