អន្តរជាតិ៖ ថ្លែងក្នុងឱកាសដាក់ចេញនូវគោលនយោបាយសន្តិសុខជាតិ លោកអាន់តូនី ប្ល៊ីងខិន រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ថា ក្នុងសតវត្សរ៍ទី២១នេះ ចិនជាវិញ្ញាសាភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិក។ មន្រ្តីជាន់ខ្ពស់ការបរទេសរូបនេះ ក៏អះអាងថា ចិនជាប្រជាជាតិអាស៊ីតែមួយគត់ដែលមានអំណាចគ្រប់គ្រាន់ក្នុងការបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក។
មិនតែប៉ុណ្ណោះលោក អាន់តូនី ប្ល៊ីងខិន ក៏បានលើកឡើងពីចំណុចអាទិភាពចំនួន៨ នៃគោលនយោបាយការបរទេសអាមេរិក។ ចិន នៅតែរបៀបវារៈសំខាន់ក្នុងគោលនយោបាយការបរទេសអាមេរិកដដែល ដោយរដ្ឋមន្ត្រីរូបនេះ បានហៅទំនាក់ទំនងជាមួយចិន ថា៖ មានលក្ខណៈប្រកួតប្រជែងផង មានកិច្ចសហប្រតិបត្តិការផង ហើយពេលខ្លះអាចឈានដល់ចំណុចជាសត្រូវនឹងគ្នាផង។
ជាក់ស្ដែងចំពោះការលើកឡើងរបស់លោក ប្ល៊ីងខិន នៅក្រសួងការបរទេស បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ចិនជាប្រទេសតែមួយគត់ដែលមានអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យាដែលអាចប្រជែងនឹងប្រព័ន្ធអន្តជាតិដែលមានស្ថិរភាព និងសេរី»។ លេីសពីនេះ លោក ប្ល៊ីងខិន បានសង្កត់ធ្ងន់ទៀតថា ច្បាប់ គុណតម្លៃ និងទំនាក់ទំនងដែលកើតចេញពីប្រព័ន្ធអន្តរជាតិនោះ គឺជាអ្វីដែលអាមេរិកចង់បាន។
ជាមួយគ្នានេះប្រមុខការទូតអាមេរិក បាននិយាយថា ដើម្បីទប់ស្កាត់ទៅនឹងការប្រកួតប្រជែងពីចិន អាមេរិកត្រូវស្វែងរកកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិ និងសម្ពន្ធមិត្ត ដោយមិនមែនដើរចេញ ឬធ្វើឱ្យស្ថាប័នអន្តរជាតិណាដួលរលំឡើយ។ លោកបន្តថា ការប្រជែងពីចិនក្ដី ពីរុស្ស៊ីក្ដី តម្រូវឱ្យយោធាអាមេរិកបង្វែការប្រើប្រាស់អាវុធ និងប្រព័ន្ធអាវុធ ក៏ដូចជាចាប់ផ្តើមវិនិយោគលើបច្ចេកវិទ្យាថ្មីៗថែមទៀត។
ដោយឡែកចំពោះរឿងជំនួញវិញលោកអាន់តូនី ប្ល៊ីងខិន បាននិយាយថា រដ្ឋបាលបៃឌិន និងវិនិយោគបន្ថែមលើក្រុមហ៊ុន និងកម្មករអាមេរិក ក៏ដូចជាទាមទារយ៉ាងណាឱ្យមានការប្រកួតប្រជែងក្នុងកម្រិតស្មើភាពគ្នា។ លោកថា រដ្ឋបាលអាមេរិក និងប្រឹងប្រែងដើម្បីការងារពលរដ្ឋអាមេរិក ក៏ដូចជាសិទ្ធិ ការការពារ និងផលប្រយោជន៍ផងដែរ។
លោក ប្ល៊ីងខិន នៅក្នុងសុន្ទរកថាលើកដំបូងក្រោយកាន់តំណែង និយាយថា អាមេរិកសន្យាក្នុងការស្តាទំនាក់ទំនងឡើងវិញជាមួយសម្ព័ន្ធមិត្តដូចជាសហភាពអឺរ៉ុបជាដើម។ លោកក៏បង្ហាញពីបំណងយ៉ាងមុតមាំផងដែរពីការត្រឡប់មកវិញរបស់អាមេរិកក្នុងឆាកអន្តរជាតិ ក្រោយរយៈពេល៤ឆ្នាំនៃការដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើសកម្មភាពឯកតោភាគី និងមិនបានគិតគូរពិភាក្សាជាមួយសម្ព័ន្ធមិត្តជាមុន។
គួរបញ្ជាក់ថា ប្រមុខការទូតអាមេរិករូបនេះ ក៏ចាត់ទុកទំនាក់ទំនងជាមួយចិន ជាទំនាក់ទំនងសំខាន់បំផុតក្នុងពិភពលោក ដោយត្រៀមខ្លួនជាស្រេចក្នុងការសហការណ៍លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ៕ដោយ៖ស តារា
លោក អាន់តូនី ប្ល៊ីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក
រូបភាព៖ AFP