ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសសម្ដេចអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បានថ្លែងថា ជនបរទេសដែលរស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានវ៉ាក់សាំង តាមលំដាប់លំដោយ ដូចប្រជាជនកម្ពុជាដែរ។
ជាក់ស្ដែងសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖«ជនបរទេសទាំងឡាយ ដែលបាននិងកំពុងររស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានវ៉ាក់សាំង ទៅតាមលំដាប់លំដោយ ដូចពលរដ្ឋម្ពុជាដែរ ដោយមិនយកប្រាក់»។ សម្ដេចតេជោ ថ្លែងបន្តថា ប្រសិនបើចាក់តែពលរដ្ឋខ្មែរ នោះនឹងបង្កើតឱ្យមានការរើសអើង។ ដោយឡែកសម្រាប់អ្នកការទូត និងអង្គការក្រៅរដ្ឋភិបាលបរទេស នឹងទទួលបានមុន ក្នុងក្រខណ្ឌ AstraZeneca/SII។
សូមជម្រាបថា វ៉ាក់សាំង AstraZeneca/SII ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ វ៉ាក់សាំងរបស់ក្រុមហ៊ុន
អាស្ត្រាហ្សេនីកា មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។
គួរបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ លើកដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាវ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន។ គិតមកដល់ត្រឹមថ្ងៃទី០៣ ខែមីនា កម្ពុជាបានចាក់លើកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលសរុបប្រមាណ១២៥,៦៦៨នាក់ ខណៈអ្នកចាក់លើកទី២ បានចំនួន ៧៦៨៦នាក់៕ដោយ៖ស តារា