ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតនៅថ្ងៃទី៥ខែមីនា

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដោយបានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី៥ ខែមីនា  ដើម្បីពិភាក្សានិងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យនិងសិក្សាចប់សព្វគ្រប់។

រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះឡើង ក្នុងបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះមានវត្តមាននៅកម្ពុជាមក។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់និងគ្រប់គ្រងបានដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាក្នុង ឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១នេះ ហាក់មានសភាពធ្ងន់ធ្ងរនិងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ។

ក្នុងន័យនេះទើបរាជរដ្ឋាភិបាលសម្រេចរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដោយបានកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងជំងឺនេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ស្ថិតដំណាក់កាលនេះក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងពេញលេញនូវវិធានការសុខាភិបាល សំដៅរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះចូលទៅក្នុងក្រុមគ្រួសារ ញាតិមិត្ត បងប្អូន ក៏ដូចជាសហគមន៌របស់ខ្លួន ឱ្យខាងតែបាន និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ នេះ៕

ដោយ៖ សិលា


ចែករំលែក៖