ខេត្តកំពង់ឆ្នាំង ៖ កុមារាម្នាក់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ និង ក្មេង៥នាក់ផ្សេងទៀត ត្រូវបានសង្រ្គោះបន្ទាន់ ក្រោយពីក្មេងទាំង៦នាក់នេះបាននាំគ្នាយកសត្វគីង្គក់ទៅដុតយកមកបរិភោគ ។ ហេតុការណ៍ពុលសត្វគីង្គក់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅភូមិរពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក រ៉ន សុភ័ណ្ឌ អភិបាលរងស្រុកកំពង់ត្រឡាចបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមីនា នេះថា ក្មេងដែលស្លាប់ក្នុងករណីនេះឈ្មោះ ត្រុង វាសនា ភេទប្រុស អាយុ១ឆ្នាំ៨ខែ រស់នៅភូមិឃុំខាងលើ ។
លោកបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានក្មេងតូចធំចំនួន៦នាក់ យកសត្វគីង្គក់ មកដុតចែកគ្នាហូប។ ក្រោយពីបរិភោគសត្វគីង្គក់ដែលដុតនេះរួចមក នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ស្រាប់តែមានអាការៈពុលក្អួតចង្អោរ ពេលឪពុកម្តាយសួរនាំទើបបានដឹង ថា ក្មេងទាំង៦នាក់នេះពុលដោយសារបានហូបសត្វគីង្គក់ ។ ក្រោយពីដឹងភ្លាម ក៏បានដឹកក្មេងរងគ្រោះទាំង៦នាក់នេះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដើម្បីជួយសង្រ្គោះ ។ ប៉ុន្តែក្មេងប្រុស ឈ្មោះត្រុង វាសនា ដោយសារមានអាការៈធ្ងន់ធ្ងរពេក ក៏បណ្តាលឲ្យស្លាប់នៅមន្ទីរពេទ្យតែម្តង។ ចំណែកក្មេង៥នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះ និង កំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកស្រុក ៕
ដោយ៖ ចន្ថា