ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតមានភ្លៀងលាយខ្យល់កន្ត្រាក់បក់បោកមកលើធ្វើឲ្យប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋខូចខាតអស់២៦ខ្នង មាន៧ខ្នងខូចខាតទាំងស្រុង នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នៅសង្កាត់ចំនួន២ មានសង្កាត់ប៉ោយប៉ែតនិង សង្កាត់ផ្សារកណ្តាល។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះថា ភ្លៀងបង្កក់ខែមួយមេធំ លាយនិងខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋទាំងពីរសង្កាត់ សរុប២៦ខ្នង ខូចខាតទាំងស្រុងអស់៧ខ្នង។ ប៉ុន្តែភ្លៀងលាយខ្យល់កន្ត្រាក់នេះ មិនធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ និងសត្វពាហន:របស់បងប្អូនប្រជាពលរដ្ឋរងរបួសឬស្លាប់ឡើយ។
លោកអភិបាលក្រុងបានបញ្ជាក់ថា៖ នៅព្រឹកថ្ងៃដដែលនេះ កម្លាំងចម្រុះ មានកម្លាំងរដ្ឋបាលក្រុងភូមិសង្កាត់ រួមទាំងកម្លាំងយោធាកងពលលេខ៥១ និងកម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត កំពុងជួសជុលផ្ទះជូនប្រជាពលរដ្ឋ និងផ្ទះដែលត្រូវខូចខាតទាំងស្រុង ត្រូវសាងសង់ឲ្យថ្មី សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាតខ្លាំង អាជ្ញាធរនឹងរៀបចំជាអំណោយជូនពួកគាត់ដល់ផ្ទះតែម្តង៕
ដោយ៖វណ្ណា