ខេត្តស្វាយរៀង៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល និង សួរសុខទុក្ខដល់កងកម្លាំងវរសេនាតូចឈរជើងការពារតាមបណ្តោយព្រំដែន ចំណុះយោធភូមិភាគទី២។
ដោយអនុវត្តតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល ស្តីពីវិធានការការពារកូវីដ១៩ ពិធីសំណេះសំណាលបានធ្វើឡើងដោយមានការចូលរួមតែតំណាងមកពីក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, យោធភូមិភាគ, តំបន់ប្រតិបត្តិការសឹករង, កងរាជអាវុធហត្ថ, វរសេនាតូចការពារព្រំដែន ចំណុះតំបន់ប្រតិបត្តិការសឹករងព្រៃវែង, ស្វាយរៀង, ត្បូងឃ្មុំ, ក្រចេះ និង កម្លាំងវិស្វកម្មរបស់អគ្គបញ្ជាការ។
បើតាមមតិសំណេះសំណាលរបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន គោលបំណងសំខាន់នៃដំណើរចុះសួរសុខទុក្ខនាឱកាសនេះ គឺដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងយ៉ាងរឹងមាំបូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាកងទ័ព ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល , ក្រសួងការពារជាតិ, អគ្គបញ្ជាការ ចំពោះកងកម្លាំងការពារព្រំដែននៅតំបន់ជួរមុខ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវគោរពបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវក្នុងតួនាទីភារកិច្ចការពារខ្សែបន្ទាត់ព្រំដែននៃមាតុភូមិ តាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានក្រើនរម្លឹកឱ្យកងកម្លាំង ត្រូវប្រកាន់ភ្ជាប់នូវអត្តចរិតសីលធម៌រស់នៅស្អាតស្អំ និងត្រូវធ្វើតែអំពើល្អជាមួយប្រជាជន សក្តិសមជាកូនចៅប្រជាជន កើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីបម្រើផលប្រយោជន៍ប្រជាជន។
បន្ថែមលើនេះ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើឲ្យកងកម្លាំង បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន វិធានការ ៣កុំ ៣ការពារ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ សំខាន់ក្នុងកងអង្គភាពកងទ័ព និងកុំជឿតាមការឃោសនាអកុសលរបស់ជនអគតិមួយចំនួនអំពីបញ្ហាការចាក់វ៉ាក់សាំង។ទន្ទឹមនេះ ត្រូវត្រៀមខ្លួនដើម្បីចូលរួមការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។
ជាមួយនឹងដំណើរចុះសួរសុខទុក្ខនាឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បាននាំយកនូវថវិកាចំនួន ៣៧ លានរៀល ដែលជាការឧបត្ថម្ភរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រគល់ជូនដល់កងកម្លាំងនៅទីនោះផងដែរ៕
ដោយ៖ សូរិយា