កាលពីមុនមានក្រុមជនជាតិរ៉ូហ៊ីងយ៉ា ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា និងប្រទេសជិតខាង ដោយសារតែអំពើហិង្សា។ នៅពេលនេះប៉ូលិសមីយ៉ាន់ម៉ា ក៏បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដោយសារតែមិនព្រមអនុវត្តតាមបទបញ្ជារបស់កម្លាំងទាហានឱ្យវាយប្រហារទៅលើពលរដ្ឋខ្លួនឯង។
កាលពីល្ងាចថ្ងៃទី៣ ខែមីនា ប៉ូលិសមីយ៉ាន់ម៉ា ៣នាក់បានឆ្លងចូលព្រំដែនប្រទេសឥណ្ឌានៅតំបន់ Vanlaiphai ។ នៅពេលនេះ កម្លាំងទាហានឥណ្ឌាកំពុងតែវាយតម្លៃ និងត្រួតពិនិត្យសុខភាពហើយផ្តល់កន្លែងស្នាក់នៅឲ្យពួកគាត់ ។
ស្នងការប៉ូលិសមីយ៉ាន់ម៉ា លោក Stephen Lalrinawma បាននិយាយទៅកាន់សារព័ត៌មានរ៉យ
ទ័រថា «អ្វីដែលពួកគេនិយាយគឺ ទទួលបទបញ្ជាពីកម្លាំងទាហាន ដែលពួកគេមិនអាចគោរពតាមបទបញ្ជាទាំងនោះ។ ដូច្នេះហើយទើបពួកគេភៀសខ្លួនទៅកាន់ឥណ្ឌា សុំសិទ្ធិរស់នៅដោយសារតែរបបដឹកនាំដោយយោធានៅមីយ៉ាន់ម៉ា។ ឥណ្ឌាមានព្រំដែនជាប់មីយ៉ាន់ម៉ាប្រវែងដល់ទៅ១៦៤៣គីឡូម៉ែត្រ ។ ឥណ្ឌាជាទីតាំងភៀសខ្លួនរបស់ពលរដ្ឋមីយ៉ាន់ម៉ា រាប់សិបពាន់នាក់ ក្នុងនោះមានទាំងជនជាតិ Chin និង Rohingya ។
ចាប់តាំងពីការធ្វើរដ្ឋប្រហារ ថ្ងៃទី១ ខែកុម្ភៈមកទល់ពេលនេះ មានពលរដ្ឋមីយ៉ាន់ម៉ា៦០នាក់ស្លាប់ និងរាប់រយនាក់រងរបួស ក្នុងការបង្ក្រាបបាតុករដោយហិង្សា។ ចំនួនអ្នកអ្នកស្លាប់និងរបួស អាចបន្តកើនឡើងខ្ពស់ ដោយពលរដ្ឋមីយ៉ាន់ម៉ានៅបន្តធ្វើបាតុកម្មប្រឆាំងយោធា ។ គ្រាន់តែថ្ងៃទី ៣ខែមីនា មានបាតុករដល់ទៅ៣៨នាក់ស្លាប់ ក្នុងការបង្ក្រាបពីកម្លាំងយោធា។
តាមការប្រកាសរបស់ការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បញ្ជាក់ថា មានបាតុករជាច្រើនស្លាប់ ដោយកម្លាំងប៉ូលិសប្រើគ្រាប់ពិតបាញ់ទៅលើបាតុករនៅទីក្រុងជាច្រើន ដូចជា Yangon, Dawei , Mandlay , Myeik , Bago និង Pokokku ។
នៅពេលនេះដែរយោធាមីយ៉ាន់ម៉ា បានប្រកាសថា មិនខ្វល់ពីការព្រមានដាក់ទណ្ឌកម្មពីលោកខាងលិច ដោយសារតែ ប្រទេសនេះធ្លាប់រស់នៅក្រោមការដាក់ទណ្ឌកម្មជាច្រើនឆ្នាំកន្លងមក ហើយក្រោមការដឹកនាំដោយយោធា។
មកដល់ថ្ងៃទី៤ ខែមីនានេះ មានកម្លាំងប៉ូលិសមីយ៉ាន់ម៉ា១៩នាក់ហើយបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ដោយមិនអនុវត្តតាមការបញ្ជាពីកម្លាំងទាហានមីយ៉ាន់ម៉ាឡើយ៕ ដោយ៖ធីរីណា
រូបភាព៖ (VTC+Reuters)