ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់អ្នកបើកបរ២នាក់និងត្រាក់ទ័រ២គ្រឿងពេលភ្ជួររាស់លើដីទំនាស់ប៉ះពាល់បរិស្ថាន

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងគណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​សៀមរាប​បាន​ប្រើប្រាស់កម្លាំងចម្រុះចុះ​ល្បាត​ត្រង់​ចំណុច​ប៉ែក​ខាងក្រោម​ឃ្លាំង​ទឹក​ទំនប់​៧៨ ស្ថិត​នៅ​ភូមិ​កន្ត្រក សង្កាត់ ស្វាយ​ដង្គំ ក្រុង​សៀមរាប។ ពេលនោះបាន​ប្រទះ​ឃើញ​ត្រាក់ទ័រ​ចំនួន​០២​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ភ្ជួរ​រាស់​លើ​ដី​ក្នុង​បរិវេណ​ឃ្លាំង​ទឹក​ដែល​ពលរដ្ឋ​កំពុង​តវ៉ា ហើយក៏បាន​ធ្វើការ​ឃាត់ខ្លួនអ្នកបើកបរ០១​នាក់ ព្រមទាំង​ត្រាក់ទ័រ​០១​គ្រឿង ដើម្បីយកមកអប់រំ ឯ០១​គ្រឿង​ទៀត​បាន​បើក​រត់គេច​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ នឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ តាម​ដេញ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ជិត​វត្ត​ចេ​ត្តី ស្ថិត​ក្នុង​សង្កាត់​សំបួរ។

ហេតុការណ៍​ចុះ​ឃាត់​ត្រាក់ទ័រ​នោះ​បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក ហា​យ យង់ ប្រធាន​ការិយាល័យ​សាធារណកា​រដឹក​ជញ្ជូនដែលដឹកនាំកម្លាំងចុះទៅបង្រ្កាបបានឲ្យដឹងថា ដោយ​មានការ​សហការ​គ្នា​ល្អ​ទើប​កម្លាំង​យើង​បាន​ចុះ​ធ្វើការ​ឃាត់​ត្រាក់ទ័រ និង អ្នកបើកបរ​ចំនួន​២​នាក់ ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​យក​មក​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែក​វត្ថុ​តាង​ត្រាក់ទ័រ​ធ្វើការ​ផាកពិន័យ​តាម​អន្តរកាល​ស្តី​ពី​ផល​ប៉ះពាល់​បរិស្ថាន ។
បច្ចុប្បន្ន​អ្នកបើកបរ​ត្រាក់ទ័រ​ទាំង​ពីរ​នាក់ ព្រមទាំង​ត្រាក់ទ័រទាំង២​គ្រឿង ត្រូវ​បាន​ខាង​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​នាំ​យក​ទៅ​សាកសួរ និង​ធ្វើការ​អប់រំ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ រីឯ​វត្ថុ​តាង ត្រាក់ទ័រ​០២​គ្រឿង​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់អន្តរកាល ស្តី​ពី​ផល​ប៉ះពាល់​បរិស្ថាន នៅចណុចខាងលើ៕

ដោយ៖សហការី


ចែករំលែក៖