ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា, តាមរយៈការធ្វើកោសល្យវិច័យល្អិតល្អន់ទៅរកឃើញថា បុរសរូបនេះស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការដោយបានទាត់ចោលទាំងស្រុង ចំពោះការផ្សាយទាំងឡាយ ដែលលើកឡើងថា បុរសជនជាតិចិនកំពុងព្យាបាលជំងឺកូវីដ១៩ម្នាក់ បានស្លាប់ដោយសារតែស្ថានភាពជំងឺកូវីដ១៩។
សូមបញ្ជាក់ថា, បុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ បានស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបញ្ជាក់លម្អិតថា, បុរសជនជាតិចិនរូបនេះ មានឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។ បុរសជនជាតិចិនរូបនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ពីអ្នកកើតជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបគេត្រូវបានយកសំណាកធ្វើតេស្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយសម្រាកព្យាបាលជំងឺនៅថ្ងៃទី០១ ខែមីនា។
តាមរយៈការធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញតាមរយៈការពិនិត្យទឹកនោម បានបង្ហាញថា បុរសជនជាតិចិនរូបនេះ មានសារធាតុអំហ្វេតាមីនខ្ពស់។ ក្រុមមន្ត្រីជំនាញសន្និដ្ឋានថា បុរសរូបនេះ បានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។
តាមសេចក្តីសន្និដ្ឋានរបស់មន្ត្រីជំនាញ ការស្លាប់របស់បុរសជនជាតិចិនរូបនេះ ដោយសារសភាពរើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។
សូមជម្រាបថា, នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣១នាក់ និងមានអ្នកជាសះស្បេីយចំនួន ០២នាក់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
ករណឺវិជ្ជមានវីរុសៗកូវីដ-១៩ ថ្មី ៖ សរុប ចំនួន ៣១នាក់ ក្នុងនោះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ ចំនួន ០៣នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករ ធ្វើដំណើរមកពីប្រទេសថៃ)។ ដំណឹងពិតប្រាកដ និងយកជាផ្លូវការ មានតែក្រសួងសុខាភិបាល ចៀសវាងការស៊ែរ ផ្សព្វផ្សាយបន្ត មិនបានមើលពីប្រភពអោយបានត្រឹមត្រូវ៕
ដោយ៖សិលា