ប្រធានាធិបតីអាមេរិក ចូបៃឌិន បានឲ្យដឹងថា កោះតៃវ៉ាន់ គឺជាដៃគូសេដ្ឋកិច្ច និងសន្តិសុខដ៏សំខាន់។ ទន្ទឹមនឹងនោះលោកបញ្ជាក់ពីការសន្យាថា នឹងបន្តសហការជាមួយកោះតៃវ៉ាន់យូអង្វែងទៀត។
ប្រធានាធិបតីអាមេរិក លោកបៃឌិន កាលពីថ្ងៃទី ៣ខែមីនា បានបង្ហាញពីគោលជំហរបស់លោក នៅក្នុងឯកសារមានប្រវែង ២៤ ទំព័រស្តីពីគោលនយោបាយសន្តិសុខជាតិ ។ ក្នុងនោះដែរ លោកបៃឌិនបានបញ្ជាក់ថា កោះតៃវ៉ាន់ គឺជាដៃគូសេដ្ឋកិច្ច និងសន្តិសុខយ៉ាងសំខាន់។ក៏ដូចជាសន្យាបន្តសហការជាមួយកោះនេះយូអង្វែងទៀត។
នៅក្នុងឯកសារ ដែលមានចំណងជើងថា «ណែនាំយុទ្ធសាស្ត្រ សន្តិសុខជាតិបណ្តោះអាសន្ន» ដែលសេតវិមានអាមេរិកបានប្រកាសកាលពីថ្ងៃទី៣ខែមីនា លោកបៃឌិន បានបញ្ជាក់ថា «ប្រជាធិបតេយ្យ បានកាន់កូនសោរនៃសេរីភាព សន្តិភាព តម្លៃថ្លៃថ្នូ»។
លោកបៃឌិនបញ្ជាក់ទៀតថា នៅពេលដែលចិនមានសកម្មភាព គំរាមកំហែងដល់ផលប្រយោជន៍ដោយផ្ទាល់របស់អាមេរិកនោះ ទីក្រុងវ៉ាស៊ីនតោន និងមានវិធានការតបតវិញ ។
លោកបៃឌិនបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តការពារ សេរីភាពចរាចរណ៍នៅដែនសមុទ្រ តាមច្បាប់អន្តរជាតិ ។ ជាមួយគ្នានេះដែរ លោកបៃឌិន ក៏បានប្រកាសថានឹងការពារកោះតៃវ៉ាន់ ការពារប្រជាធិបតេយ្យ និងជាដៃគូសេដ្ឋកិច្ច សន្តិសុខដ៏សំខាន់។
នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាត់ទុកថា ការកើនឡើងនៃសកម្មភាព ប្រកួតប្រជែងជាមួយចិនគឺជា «ការធ្វើតេស្ដភូមិសាស្ត្រនយោបាយដ៏ធំ» នៅក្នុងសតវត្សរ៍ទី ២១ នេះ។ លោក Antony Blinken បានលើកឡើងត្រង់ៗថាចិនគឺជា «ការធ្វើតេស្ដភូមិសាស្ត្រនយោបាយដ៏ធំ» របស់សហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិន… គឺជាគូប្រជែងដ៏មានសក្ដានុពលតែមួយគត់ ដែលអាចប្រមូលកម្លាំងទាំងខាងសេដ្ឋកិច្ច, ការទូត, យោធា និងបច្ចេកវិទ្យា ដើម្បីប្រជែងជាមួយប្រព័ន្ធអន្តរជាតិ ដែលបើកចំហ និងប្រកបដោយស្ថិរភាពរបស់យើង»។
ទោះជាយ៉ាងនេះក្ដី លោក Blinken បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងចិននឹងត្រូវប្រកួតប្រជែងគ្នា នៅពេលដែលត្រូវប្រជែងគ្នា, សហការជាមួយគ្នា នៅពេលចាំបាច់ត្រូវសហការគ្នា ហើយអាចនឹងក្លាយជាគូសត្រូវ នៅពេលត្រូវតែធ្វើជាសត្រូវនឹងគ្នា៕ដោយ៖ធីរីណា
រូបភាព៖AFP / GETTY IMAGES