ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភ្ញៀវទាំង៣ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះរៀងៗខ្លួន

ចែករំលែក៖

ការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី២៧ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមីនានេះ ដោយមាន៣គូ។ ក្នុងនោះក្រុមភ្ញៀវ Everton, Tottenham និង Chelsea ទទួលបានជ័យជម្នះទាំងអស់ទៅលើក្រុមម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង soccerway នៅព្រឹកនេះ។

ក្រុមភ្ញៀវស្ករគ្រាប់ Everton បានយកឈ្នះក្រុមម្ចាស់ផ្ទះ West Brom ក្នុងលទ្ធផល ១ទល់០ ដែល១គ្រាប់ជ័យជម្នះនេះរកបានដោយកីឡាករ Richarlison នៅនាទីទី៦៥។ ជ័យជម្នះនេះធ្វើឲ្យក្រុម Everton ហក់មកឈរចំណាត់ថ្នាក់លេខ៥ មាន៤៧ ពិន្ទុក្នុងចំណោម២៦ប្រកួតកន្លងមក។

ចំណែកក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham ក្នុងលទ្ធផល១ទល់០ដែរ ដែល១គ្រាប់ជ័យជម្នះនេះគឺជាការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករ Adarabioyo នៅនាទីទី១៩ ក្នុងតង់ទី១។ ជ័យជម្នះនេះធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottenhamឡើងមកឈរចំណាត់ថ្នាក់លេខ៨ មាន៤២ពិន្ទុ ក្នុង២៦ប្រកួត ខណៈដែលក្រុម Fulham នៅបន្តឈរលេខ១៨ ក្នុងតំបន់កាត់ចោលមានតែ២៣ពិន្ទុប៉ុណ្ណោះ។

ដោយឡែកក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមខ្លាំងអតីតម្ចាស់ជើងឯងហង្សក្រហម Liverpool ក្នុងលទ្ធផល១ទល់០ដែរ ដែលការប្រកួតគូទាំង២នេះគឺស្វិតស្វាញ និងចង់បានជ័យជម្នះរៀងៗខ្លួន។ ១គ្រាប់របស់ក្រុមភ្ញៀវតោខៀវ Chelsea រកបានដោយកីឡាករ Mason Mount នៅនាទីទី៤២ ដែលជាគ្រាប់បាល់ធ្វើឲ្យក្រុមនេះទទួលបាន៣ពិន្ទុឡើងទៅឈរចំណាត់ថ្នាក់លេខ៤ មាន៤៧ពិន្ទុ។

បរាជ័យរបស់ក្រុមហង្សក្រហម Liverpool បាត់បង់៣ពិន្ទុបន្ថែមទៀត និងជាស្ថិតិអាក្រក់មួយក្នុងការដឹកនាំរបស់លោក Jurgen Klopp ហើយក៏មានដំណឹងលេចឮដែរពីការចង់លាឈប់របស់លោកពីអ្នកចាត់ការក្រុមហង្សក្រហមនេះផងដែរ។ ចំណែកក្រុមតោខៀវ Chelsea នៅតែរក្សាកំណត់ត្រាមិនដែលចាញ់ក្នុង៥ប្រកួតចុងក្រោយនេះក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Tuchel 

ការប្រកួតសម្រាប់សប្តាហ៍ទី២៨ ក្របខ័ណ្ឌអង់គ្លេស Premier League នឹងត្រូវប្រកួតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១បន្តទៀត ៕

ដោយ៖ភារៈ


ចែករំលែក៖