ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្កកប្រាក់១ពាន់លានដុល្លាររបស់មីយ៉ាន់ម៉ា

ចែករំលែក៖

អាមេរិកបានសម្រេចបង្កកប្រាក់ចំនួន​១ពាន់លានដុល្លារនៅក្នុងធនាគារសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក​ ដើម្បីប្រឆាំងនិឹងការប្រើហិង្សាទៅលើក្រុមបាតុករមីយ៉ាន់ម៉ា​ក្រោយការធ្វើរដ្ឋប្រហារ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កន្លងមកយោធាមីយ៉ាន់ម៉ាបានព្យាយាមបញ្ជូនប្រាក់ទាំងនោះ​​មកប្រទេសវិញ ក្រោយការធ្វើរដ្ឋប្រហារប៉ុន្មានថ្ងៃ​។ កាលពីថ្ងៃទី ៤ខែកុម្ភៈគឺក្រោយរដ្ឋប្រហារ​៣ថ្ងៃ ធនាគារជាតិមីយ៉ាន់ម៉ា បានទៅដកប្រាក់ពី ធនាគារអាមរិក ប៉ុន្តែត្រូវបាន អាមេរិកបង្កកមិនឲ្យដកចេញនោះឡើយ ។
សកម្មភាពខាងលើ​កើតឡើងក្រោយពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានតែងតាំងប្រធានធនាគារជាតិថ្មី ក្រោយការដកប្រធានធនាគារចាស់បន្ទាប់ពីធ្វើរដ្ឋប្រហារ ។ នៅថ្ងៃទី​៤ខែមីនា ឆ្នាំ​២០២១ រដ្ឋាភិបាលអាមេរិក ក៏បាន
រិឹតត្បិតការនាំចេញរបស់មីយ៉ាន់ម៉ាទៅកាន់ទឹកដីអាមេរិកផងដែរ ។ មិនតែប៉ុណ្ណោះអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើយោធាមីយ៉ាន់ម៉ា​។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា ​អាមេរិកបានដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសតំបន់អាស៊ានមួយនេះ ក្រោយពេលកម្លាំងយោធាប្រើហិង្សាបំបែកក្រុមបាតុករបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។
នៅពេលនេះអាមេរិក កាណាដា សហគមន៍អឺរ៉ុប អង់គ្លេស បានសម្រេច​ដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ា ។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ​មកទល់ពេលនេះមានមនុស្ស ៥៤នាក់ស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបាតុករ​១៧០០នាក់ត្រូវយោធាចាប់ខ្លួន​៕ ដោយ៖ធីរីណា


រូបភាព៖AP


ចែករំលែក៖