អន្តរជាតិ៖ បេីតាមការលើកឡើងរបស់អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) លោកស្រី Fatou Bensouda ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការលើការសង្ស័យ ឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្ត ឬកំពុងប្រព្រឹត្តឡើងលើទឹកដីប៉ាឡេស្ទីនដោយកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងជម្លោះប្រដាប់អាវុធនៅតំបន់ហ្កាសា ជ្រោយខាងលិច និងក្រុងហ្សេរ៉ូសាឡឹមខាងកើត តាំងតែពីឆ្នាំ២០១៤មក។ ចំណែកអាជ្ញាធរប៉ាឡេស្ទីនវិញ ក៏បានស្វាគមន៍ចំពោះការស៊ើបអង្កេតនេះ ប៉ុន្ដែអ៊ីស្រាអែល បានថ្កោលទោសដោយចាត់ទុកថាជាការប្រឆាំងជនជាតិជ្វីហ្វ និងរដ្ឋអ៊ីស្រាអែល។
លោកស្រីអគ្គរដ្ឋអាជ្ញា Fatou Bensouda បានគូសបញ្ជាក់ថា៖ «សេចក្តីសម្រេចក្នុងការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតបឋមអស់រយៈពេលជិត៥ឆ្នាំដោយការិយាល័យរដ្ឋអាជ្ញា»។ បន្ថែមពីនេះលោកស្រីអគ្គរដ្ឋអាជ្ញា ដោយសង្កត់ធ្ងន់ថា ការស៊ើបអង្កេតនឹងប្រកាន់ខ្ជាប់នូវរាល់គោលការណ៍ និងភាពមិនលម្អៀង។ លោកស្រី Bensouda និយាយថា ចំណុចសំខាន់នៃការស៊ើបអង្កេតនេះគឺដើម្បីជនរងគ្រោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលរងគ្រោះដោយសារជម្លោះឥតឈប់ឈរ និងបង្កមកពីភាគីទាំងសងខាង។
សូមជម្រាបថា ការបើកស៊ើបអង្កេតដោយរដ្ឋអាជ្ញា ធ្វើឡើងបន្ទាប់ពីអង្គជំនុំជម្រះនៃតុលាការ ICC ចេញសេចក្តីសម្រេចឱ្យបើកការស៊ើបអង្កេតកាលពីថ្ងៃទី៥ ខែកុម្ភៈ។ ខណៈដែលអ៊ីស្រាអែលពុំមែនជារដ្ឋសមាជិកនៃតុលាការឡើយ ប៉ុន្តែប៉ាឡេស្ទីនជាសមាជិក ហើយការស៊ើបអង្កេតធ្វើឡើងតែក្នុងដែនដីដែលប៉ាឡេស្ទីនរួមមាន៖ តំបន់ហ្កាសា ជ្រោយខាងលិច និងក្រុងហ្សេរ៉ូសាឡឹមខាងកើត។ ការស៊ើបអង្កេតអាចធ្វើទៅបានក្នុងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែលក្រោយសង្គ្រាមឆ្នាំ១៩៦៧ ដែរ។
បេីតាមអាជ្ញាធរប៉ាឡេស្ទីន ជុំវិញបញ្ហានេះដែរ បានសា្វគមន៍ការស៊ើបអង្កេតនេះ។ ជាក់ស្ដែងក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន ដោយលើកឡើងថា នេះជាជំហានដែលប៉ាឡេស្ទីនត្រូវការក្នុងការស្វែងរកសន្តិភាព និងការទទួលខុសត្រូវ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានស្រង់សម្តីលោក Hazem Qassem អ្នកនាំពាក្យក្រុមហាម៉ាស់ បានចុះផ្សាយថា ក្រុមហាម៉ាស់ ដែលជាប់សង្ស័យក្នុងការស៊ើបអង្កេតដែរនោះ ក៏ស្វាគមន៍ជំហានរបស់ ICC ដែរ ប៉ុន្តែការពារសកម្មភាពរបស់ខ្លួនថា ជាការប្រយុទ្ធដើម្បីការពារប្រជាជនប៉ាឡេស្ទីន ជារឿងស្របតាមច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការបរទេស Gabi Ashkenazi លើកឡើងថា អ៊ីស្រាអែលនឹងធ្វើសព្វគ្រប់បែបយ៉ាងដើម្បីការពារជនស៊ីវិល និងយោធាពីការកាត់ទោសនេះ។ ដូចទម្លាប់អ៊ីស្រាអែលប្រតិកម្មពេញទំហឹងចំពោះចំណាត់ការរបស់តុលាការ។ ចំណែកលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បង្ហោះវីដេអូក្នុងបណ្តាញសង្គម Twitter ថា ការសម្រេចរបស់ ICC មានន័យប្រឆាំង និងរើសអើងជនជាតិជ្វីហ និងរដ្ឋអ៊ីស្រាអែល។
ទាក់ទិននឹងបញ្ហានេះដែរ អាមេរិកដែលជាសម្ពន្ធមិត្តក៏មិននៅស្ងាត់ស្ងៀមដែរ។ ដោយអ្នកនាំពាក្យក្រសួងការបរទសលោក Ned Price បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា អាមេរិកនៅតែប្តេជ្ញាចិត្តចំពោះអ៊ីស្រាអែល និងសុវត្ថិភាពរបស់រដ្ឋនេះ ដោយប្រឆាំងការកាត់ទោសដោយមិនស្របច្បាប់ ដ្បិត ICC ពុំមានយុត្តាធិការឡើយ។
គួរបញ្ជាក់ថា លទ្ធផលនៃការស៊ើបអង្កេតបឋមនាពេលកន្លងមកបានបង្ហាញថា កងកម្លាំអអ៊ីស្រាអែល ជាប់សង្ស័យក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមចំនួន៣ប្រភេទ ចំណែកក្រុមហាម៉ាស់ និងកងកម្លាំងប៉ាឡេស្ទីនដទៃទៀតជាប់សង្ស័យក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មចំនួន៥ប្រភេទ៕ដោយ៖ស តារា
អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) លោកស្រី Fatou Bensouda
រូបថត៖AP
រូបភាព៖ ជម្លោះប្រដាប់អាវុធនៅតំបន់ហ្កាសាក្នុងឆ្នាំ២០១៤កន្លងទៅ
រូបភាព៖AFP